លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំឱ្យជំរុញអំណានសៀវភៅ ដើម្បីបង្កើតបរិយាកាសនាំគ្នាអានសៀវភៅក្នុងសង្គមទាំងមូល
21-04-2026 17:54
(ប៉េកាំង)៖ ក្នុងយុគសម័យនេះ ចំណេះដឹងបាននិងកំពុងធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សដែលមិនធ្លាប់ជួបពីមុនមក។ “ពីសម័យកសិកម្ម ដែល «ការរៀនចំណេះដឹងពីរបីឆ្នាំក៏គ្រប់គ្រាន់ហើយសម្រាប់ប្រើប្រាស់ពេញមួយជីវិត» រហូតដល់សម័យសេដ្ឋកិច្ចឧស្សាហកម្ម ដែល «ការរៀនចំណេះដឹងជាងដប់ឆ្នាំទើបអាចគ្រប់គ្រាន់សម្រាប់ពេញមួយជីវិត» ហើយមកដល់សម័យឥឡូវនេះ ជាសម័យសេដ្ឋកិច្ចចំណេះដឹង ដែល «ត្រូវរៀនអស់មួយជីវិតទើបអាចដើរទាន់សម័យកាល ដែលកំពុងវិវឌ្ឍទៅមុខ។”» លោក Xi Jinping បានចង្អុលបង្ហាញពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនេះដូចការពោលខាងលើ ។
លោកបានលើកឡើងថា ប្រសិនបើយើងមិនខិតខំប្រឹងប្រែងបង្កើនចំណេះដឹង និងគុណវុឌ្ឍរបស់យើងក្នុងគ្រប់វិស័យ មិនសិក្សារៀនចំណេះដឹង ខាងវិទ្យាសាស្ត្រ និងវប្បធម៌ផ្សេងៗដោយស្វ័យម្ចាស់ការនោះ ហើយមិនចាត់វិធានការដើម្បីពន្លឿន ការធ្វើបច្ចុប្បន្នភាពចំណេះដឹង កែលម្អរចនាសម្ព័ន្ធចំណេះដឹង និងពង្រីកចក្ខុវិស័យនិងការយល់ដឹងរបស់យើងទេ នោះវានឹងពិបាកក្នុងការបង្កើនសមត្ថភាពរបស់យើង។
លោកXi Jinping បានចាត់ទុកអំណានសៀវភៅជារបៀបរស់នៅម្យ៉ាង ហើយមានទម្លាប់អានសៀវភៅជារៀងរាល់ថ្ងៃ ទោះបីលោក ជាប់រវល់ជាមួយការងារក៏ដោយ។ លោកបានលើកទឹកចិត្តដល់ពួកយើងថា “ទោះបីជាអ្នកគ្រាន់តែចំណាយ ពេលកន្លះម៉ោងក្នុងមួយថ្ងៃ ឬគ្រាន់តែអានពីរបីទំព័រក៏ដោយ ដរាបណាអ្នកតស៊ូរហូត អ្នកប្រាកដជានឹងប្រមូលផ្តុំចំណេះដឹងយ៉ាងច្រើន ប្រៀបដូចជាគ្រាប់ខ្សាច់ក៏អាចបង្កើតជាប៉ម ហើយការបោះជំហានតូចៗមួយៗក៏អាចដើរដល់កន្លែងឆ្ងាយដែរ។”
“ការសិក្សាពីប្រវត្តិសាស្ត្រ អាចធ្វើឱ្យយើងមានការយល់ឃើញចំពោះភាពជោគជ័យ និងបរាជ័យ រៀនបទពិសោធចំណេញ និងការខាតបង់ និងយល់ដឹងពីការរីកចម្រើន និងការដួលរលំនៃរាជវង្ស។ ការសិក្សាពីកំណាព្យធ្វើឱ្យយើងពោរពេញ ទៅដោយមនោសញ្ចេតនា មានឧត្តមគិត និងមានចរិតសមសួន ។ ការសិក្សាពីសីលធម៌ធ្វើឱ្យយើងចេះដឹងពីអ្វីជាត្រូវធ្វើនិងមិនត្រូវធ្វើ អ្វីជាមោទនភាពនិងភាពអាម៉ាស់ និងអ្វីទៅជាខុសត្រូវ »។ លោក Xi Jinping បានពន្យល់ពីគុណតម្លៃរួមនៃអំណានសៀវភៅដូចការពោលខាងលើ។
លោក បានរំពឹងទុកថា ក្មេងៗអាចនឹងមានទម្លាប់អានសៀវភៅ រីករាយជាមួយនឹងអំណាន និងរីកធំធាត់ឡើង ដោយមានសុខភាពល្អ»។ សង្គមទាំងមូលពោរពេញទៅដោយបរិយាកាសនាំគ្នាអានសៀវភៅ ចូលចិត្តអានសៀវភៅល្អៗ និងប្រកបដោយប្រសិទ្ធភាព៕
វិទ្យុមិត្តភាពកម្ពុជាចិន





