លោក ស៊ី ជិនពីង អះអាងថាចិនត្រៀមខ្លួនសហការជាមួយអាហ្វ្រិក ដើម្បីដោះស្រាយផលប៉ះពាល់ពីជម្លោះមជ្ឈិមបូព៌ា

21-04-2026 19:04

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាថ្ងៃអង្គារនេះបានថ្លែងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការងារជាមួយបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ដើម្បីដោះស្រាយផលប៉ះពាល់ដែលរីករាលដាលចេញពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងជំនួបជាមួយប្រធានាធិបតីម៉ូសំប៊ិក លោក ដានីយ៉ែល ឆាប៉ូ (Daniel Chapo) នៅរដ្ឋធានីប៉េកាំង លោក ស៊ី បានគូសបញ្ជាក់ថា ផលប៉ះពាល់នៃជម្លោះមជ្ឈិមបូព៌ាកំពុងជះឥទ្ធិពលដល់បណ្តាប្រទេសអាហ្វ្រិក ហើយចិនត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតប ក៏ដូចជាជំរុញសន្តិភាព និងការអភិវឌ្ឍរួមគ្នា។ លោកបានបន្ថែមថា ចិន និងអាហ្វ្រិក គួរតែរួមគ្នាអំពាវនាវឱ្យមានបទឈប់បាញ់ ដើម្បីបញ្ចប់អំពើហិង្សាដែលកំពុងកើតមាន។

ទន្ទឹមនឹងនេះ មេដឹកនាំចិនរូបនេះក៏បានលើកទឹកចិត្តដល់សហគមន៍អន្តរជាតិឱ្យចូលរួមអនុវត្ត «ពហុភាគីនិយមពិតប្រាកដ» ដើម្បីរួមចំណែកដោះស្រាយវិបត្តិសកល និងធានាបាននូវស្ថិរភាពយូរអង្វែងសម្រាប់គ្រប់ភាគីពាក់ព័ន្ធផងដែរ៕