អង្គការណាតូរិះគន់គោលនយោបាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងចិន ព្រមទាំងជំរុញឱ្យសហការជាមួយសហរដ្ឋអាមេរិក (Video inside)
21-04-2026 19:57
(ព្រុចសែល)៖ អង្គការណាតូ (NATO) នាថ្ងៃអង្គារនេះ បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះគោលនយោបាយអាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី និងចិន ព្រមទាំងបានជំរុញឱ្យប្រទេសទាំងពីរធ្វើការងារជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតឱ្យមានស្ថិរភាព និងតម្លាភាពកាន់តែប្រសើរឡើង នៅក្នុងសន្និសីទអន្តរជាតិនាពេលខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សមាជិកទាំង ៣២ នៃអង្គការណាតូ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអនុវត្តពេញលេញនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដែលជាមូលដ្ឋានគ្រឹះនៃមធ្យោបាយគ្រប់គ្រងអាវុធសកល។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងមុនសន្និសីទត្រួតពិនិត្យសន្ធិសញ្ញានៅឯអង្គការសហប្រជាជាតិ នាពាក់កណ្តាលសប្តាហ៍ក្រោយ ចំពេលដែលមានអស្ថិរភាពភូមិសាស្ត្រនយោបាយ រួមមានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។
អង្គការណាតូបានលើកឡើងថា រុស្ស៊ីបានរំលោភលើការប្តេជ្ញាចិត្តគ្រប់គ្រងអាវុធដ៏សំខាន់ និងបានប្រើប្រាស់វោហារសាស្ត្រគំរាមកំហែងនុយក្លេអ៊ែរដោយខ្វះការទទួលខុសត្រូវ។ ចំណែកឯប្រទេសចិន ក៏ត្រូវបានរិះគន់ចំពោះការបន្តពង្រីក និងធ្វើឱ្យឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនមានភាពចម្រុះយ៉ាងឆាប់រហ័ស ដោយគ្មានតម្លាភាពឡើយ៕




