មេបញ្ជាការអាមេរិក តឿនតៃវ៉ាន់កុំពន្យារពេលលើការអនុម័តកញ្ចប់ថវិកាយោធា (Video inside)

22-04-2026 09:25

(វ៉ាស៊ីនតោន)៖ ប្រមុខទីបញ្ជាការអាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកឧត្តមនាវី Samuel ​Paparo បានសង្កត់ធ្ងន់ពីសារៈសំខាន់ដែលតៃវ៉ាន់ត្រូវតែអនុម័តឱ្យបាននូវកញ្ចប់ថវិកាយោធា ដែលកំពុងជាប់គាំង ដោយនិយាយថាសហរដ្ឋអាមេរិកចង់ជួយការពារតៃវ៉ាន់ លុះត្រាតែតៃវ៉ាន់ចង់ការពារខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោកឧត្តមនាវី Samuel ​Paparo ធ្វើឡើងនៅចំំពោះមុខការផ្ដល់សក្ខីកម្មទៅកាន់គណៈកម្មាធិការសេវាប្រដាប់អាវុធនៃព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦។ នៅពេលត្រូវបានសាកសួរអំពីការជាប់គាំងការអនុម័តកញ្ចប់ថវិកាយោធាក្នុងសភាតៃវ៉ាន់ មេបញ្ជាការកងទ័ពអាមេរិករូបនេះបានគូសបញ្ជាក់ថា «វាពិតជាមានសារៈសំខាន់ ចំពោះតៃវ៉ាន់ក្នុងការផ្គត់ផ្គង់ដល់វិស័យការពារជាតិរបស់ខ្លួនឯង។ ពោលគឺបើមិនឱ្យមេមាន់ស៊ីចំណី កុំសង្ឃឹមថាបានពងមាន់»។

គួរបញ្ជាក់ថា មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te កាលពីឆ្នាំ២០២៥ បានស្នើសុំឱ្យសភាតៃវ៉ាន់ទម្លាក់កញ្ចប់ថវិកាយោធា ៤០ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យការពារជាតិទប់ទល់នឹងចិន ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។ ប៉ុន្តែសភាតៃវ៉ាន់ជាទីគណបក្សប្រឆាំង Kuomintang មានសំឡេងភាគច្រើនមិនទាន់យល់ព្រមអនុម័តនៅឡើយទេ ដ្បិតពួកគេយល់ថាកញ្ចប់ថវិកា ស្នើដោយរដ្ឋាភិបាលរបស់លោក Lai Ching-te មានទំហំធំពេក ដែលចាំបាច់ត្រូវឆ្លងកាត់ការជជែកដេញដោលបន្ថែមទៀត។

នៅក្នុងទីក្រុងតៃប៉ិផងដែរ ក្រុមសមាជិកភាមកពីគណបក្សកាន់អំណាចរបស់លោក Lai បានបង្ហាញការខឹងសម្បារចំពោះគណបក្ស Kuomintang ជុំវិញការលើកពេលការជជែកដេញដោល លើកញ្ចប់ថវិកាយោធា រួមទាំងការបំពេញទស្សនកិច្ចរបស់មេដឹកនាំបក្សប្រឆាំងមួយនេះគឺលោកស្រី Cheng Li-wun ទៅកាន់ប្រទេសចិន ជាទីដែលលោកស្រីទទូចឱ្យមានសន្តិភាព ដោយនិយាយថា សត្វស្លាបមិនមែនមីស៊ីលនោះទេដែលគួរតែហោះហើរនៅលើមេឃតៃវ៉ាន់៕