Hezbollah បាញ់ផ្លោងដាក់អ៉ីស្រាអែល ដោយចោទថាបានបំពានបទឈប់បាញ់ (Video inside)

22-04-2026 11:17

(បេរូត)៖ ក្រុមប្រដាប់អាវុធនៅលីបង់ Hezbollah បានអះអាងពីការបាញ់រ៉ុក្កែត និងដ្រូន ចូលភាគខាងជើងអ៉ីស្រាអែល កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយចោទអ៉ីស្រាអែលថាបំពានបទឈប់បាញ់ មុនពេលមានកិច្ចចរចារវាងអ៉ីស្រាអែលជាមួយរដ្ឋាភិបាលលីបង់ សម្របសម្រួលដោយសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦។

យោធាអ៉ីស្រាអែល បាននិយាយថា Hezbollah ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បានបាញ់រ៉ុក្កែតច្រើនគ្រាប់ឆ្ពោះមកកងទ័ពរបស់ខ្លួន ដែលកំពុងប្រតិបត្តិការនៅភាគខាងត្បូងលីបង់ ហើយពិពណ៌នាថាជាការបំពានធ្ងន់ធ្ងរ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់។ ភ្លាមៗគេ​មិន​ទាន់​ដឹង​ច្បាស់ទេ ​ថា​តើវាជាឧប្បហេតុ​ពាក់ព័ន្ធ​គ្នាឬយ៉ាងណា​។

បទឈប់បាញ់រយៈពេល ១០ថ្ងៃរវាងអ៉ីស្រាអែល និងក្រុម Hezbollah ដែលសម្របសម្រួលដោយអាមេរិក បានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ុន្តែវត្តមានកងកម្លាំងអ៉ីស្រាអែល នៅតែមានក្នុងចម្ងាយ ៥ ទៅ១០គីឡូម៉ែត្រតាមបណ្តោយព្រំដែន។ អ៉ីស្រាអែលនិយាយថា ខ្លួនមានគោលបំណងបង្កើតតំបន់ការពារសន្តិសុខមួយ ដើម្បីការពារតំបន់ភាគខាងជើងពីការវាយប្រហាររបស់ Hezbollah។ Hezbollah កាលពីថ្ងៃអង្គារ បានចោទអ៉ីស្រាអែលថាបានវាយប្រហារជនស៉ីវិល និងបំផ្លាញផ្ទះសម្បែងដោយបំពានទៅនឹងបទឈប់បាញ់។

នាថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាកម្រិតឯកអគ្គរដ្ឋទូត ដែលជាជុំទីពីររវាងអ៉ីស្រាអែល និងលីបង់៕