នាយករដ្ឋមន្រ្តីប៉ាគីស្ថាន ស្វាគមន៍ការពន្យារពេលបទឈប់បាញ់អាមេរិក-អ៉ីរ៉ង់ និងសង្ឃឹមថា ភាគីទាំងពីរអាចសម្រេចបានកិច្ចព្រមព្រៀងពេញលេញ  ដើម្បីបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍ (Video inside)

22-04-2026 13:58

(អ៉ីស្លាម៉ាបាដ)៖ នាថ្ងៃពុធ ទី២២ ខែមេសា នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif បានសម្តែងការអរគុណចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានទទួលយកសំណើរបស់ប៉ាគីស្ថាន សុំឱ្យពន្យារពេលបទឈប់បាញ់ក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល​ជាមួយអ៉ីរ៉ង់ ដើម្បីទុកឱកាសឱ្យកិច្ចប្រឹងប្រែងការទូត ដំណើរទៅមុខបន្តទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Sharif បានបង្ហោះសារលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «ខ្ញុំពិតជាសង្ឃឹមដោយស្មោះថា ភាគីទាំងពីរនឹងបន្តគោរពបទឈប់បាញ់ ហើយអាចសម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយមួយ អំឡុងកិច្ចចរចាជុំទី២ ដែលគ្រោងធ្វើឡើងនៅទីក្រុងអ៉ីស្លាម៉ាបាដ ដើម្បីបិទបញ្ចប់ជម្លោះជាអចិន្រ្តៃយ៍»

គួរបញ្ជាក់ថា ក្រោយផ្ទុះសង្រ្គាមចាប់តាំងពីចុងខែកុម្ភៈ អាមេរិកនិងអ៉ីរ៉ង់ដំបូងឡើយ បានប្រកាសបទឈប់បាញ់រយៈពេល២សប្តាហ៍ កាលពីថ្ងៃទី៧ ខែមេសា ហើយប៉ុន្មានថ្ងៃបន្ទាប់ពីនោះ ភាគីទាំងពីរបានបើកកិច្ចចរចាផ្ទាល់ជាមួយគ្នាជាលើកដំបូង នៅប្រទេសប៉ាគីស្ថាន ប៉ុន្តែមិនទាន់​សម្រេចបានលទ្ធផល។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្យារពេលបទឈប់បាញ់តទៀត ហើយមិនកំណត់ពេលវេលាឡើយ ដោយរូបលោកអះអាងថា ដើម្បីផ្តល់ពេលបន្ថែមសម្រាប់កិច្ចចរចា រហូតទាល់តែអ៉ីរ៉ង់អាចផ្ញើ​សំណើរបស់ខ្លួនមកកាន់អាមេរិក៕