នាយករដ្ឋមន្រ្តីលីបង់ ថាប្រទេសលោកត្រូវការជំនួយ៥០០លានអឺរ៉ូ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌បង្កឡើងដោយសង្រ្គាម (Video inside)

22-04-2026 14:39

(បេរូត)៖ កាលពីថ្ងៃអង្គារ ទី២១ ខែមេសា នាយករដ្ឋមន្រ្តីលីបង់ លោក Nawaf Salam បាននិយាយថា ប្រទេសរបស់លោក ត្រូវការជំនួយខ្ទង់៥០០លានអឺរ៉ូ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដែលបង្កឡើងដោយសង្រ្គាម បន្ទាប់ពីអ៉ីស្រាអែល និងក្រុមហេសបូឡា បានឈានដល់បទឈប់បាញ់រយៈពេល១០ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Salam បានជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីបទឈប់បាញ់ ក៏ដូចជាអំពីការគាំទ្ររបស់បារាំង ចំពោះបូរណភាពទឹករបស់លីបង់។ អំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក Macron លោកនាយករដ្ឋមន្រ្តីលីបង់ បានលើកឡើងដូច្នេះថា «លីបង់ត្រូវការថវិកា៥០០លានអឺរ៉ូ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ សម្រាប់រយៈពេល៦ខែខាងមុខ»

នាឱកាសនោះ លោក Macron បានទទូចឱ្យអ៉ីស្រាអែល បោះបង់មហិច្ឆតាទឹកដីរបស់ខ្លួននៅលីបង់ ប៉ុន្តែក្រុមហេសបូឡា ក៏ចាំបាច់ត្រូវ​ឈប់វាយប្រហារចូលទឹកដីអ៉ីស្រាអែល និងរំសាយអាវុធដោយលីបង់ផ្ទាល់។ លើសពីនេះទៀត លោកប្រធានាធិបតីបារាំង អំពាវនាវឱ្យ​មានកិច្ចព្រមព្រៀងរវាងអ៉ីស្រាអែលនិងលីបង់ ដែលធានាសន្តិសុខប្រទេសទាំងពីរ រួមជាមួយបូរណភាពទឹកដីរបស់លីបង់ និងបង្កើតមូលដ្ឋានគ្រឹះដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគី វិលទៅរកភាពប្រក្រតីឡើងវិញ។

គួរបញ្ជាក់ថា កិច្ចចរចាជុំថ្មីរវាងលីបង់និងអ៉ីស្រាអែល នឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពី​កិច្ចពិភាក្សាជុំទី១ កាលពីថ្ងៃទី១៤ ខែមេសា។ កាលពីថ្ងៃអង្គារ លីបង់បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ក្នុងសង្រ្គាមរយៈពេល ៦សប្តាហ៍ បានកើនដល់២៤៥៤នាក់ និងរបួស៧៦៥៨នាក់ ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីថ្ងៃទី២ ខែមីនា ពោលគឺត្រឹមប៉ុន្មានថ្ងៃ បន្ទាប់ពី​អាមេរិកនិងអ៉ីស្រាអែល បានរួមគ្នាវាយប្រហារលើអ៉ីរ៉ង់ បង្កជាសង្រ្គាមរីករាលដាលនៅមជ្ឈិមបូព៌ា៕