តៃវ៉ាន់លុបចោលគម្រោងទស្សនកិច្ចរបស់លោក Lai Ching-te ទៅទ្វីបអាហ្រ្វិក ដោយបន្ទោសលើការដាក់សម្ពាធរបស់ចិន (Video inside)

22-04-2026 15:12

(តៃប៉ិ)៖ កាលពីថ្ងៃអង្គារ ទី២១ ខែមេសា តៃវ៉ាន់បាននិយាយថា ខ្លួនបានសម្រេចលុបចោលគម្រោងទស្សនកិច្ច របស់មេដឹកនាំ លោក Lai Ching-te ទៅកាន់ប្រទេសអេស្វាទីនីក្នុងសប្តាហ៍នេះ ដោយចោទប្រកាន់ថា ព្រោះតែចិនបានដាក់សម្ពាធឱ្យប្រទេសអាហ្រ្វិក៣​ផ្សេងទៀត លុបចោលការអនុញ្ញាតឱ្យយន្តហោះរបស់លោក ហោះធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អេស្វាទីនី ដែលជាកូនប្រទេសតូចមួយនៅភាគខាងត្បូងទ្វីបអាហ្រ្វិក ស្ថិតក្នុងចំណោមប្រទេសត្រឹម១២ប៉ុណ្ណោះនៅលើពិភពលោក ដែលបន្តរក្សាទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់។ ដំបូងឡើយ លោក Lai ត្រូវចាកចេញពីតៃវ៉ាន់ នៅថ្ងៃពុធនេះ ដើម្បីទៅចូលរួម​គម្រប់ខួបទី៤០ នៃការគ្រងរាជ្យសម្បត្តិរបស់មហាក្សត្រអេស្វាទីនី ព្រះអង្គ Mswati III។

លោក Pan Meng-an អគ្គលេខាធិការការិយាល័យមេដឹកតៃវ៉ាន់ បាននិយាយថា ប្រទេសអាហ្រ្វិកចំនួន៣ រួមមាន សីស្ហែល (Seychelles) ម៉ូរីទុស (Mauritius) និងម៉ាដាហ្កាស្កា បានលុបចោលជាឯកតោភាគីដោយគ្មានការជូនដំណឹងជាមុន នូវការអនុញ្ញាតហោះហើរ សម្រាប់យន្តហោះរបស់លោក Lai Ching-te។ លោក Pan បានបន្ថែមថា ហេតុផលពិតប្រាកដនោះគឺ ដោយសារតែមានការដាក់សម្ពាធយ៉ាងខ្លាំងក្លាពីសំណាក់អាជ្ញាធរចិន ក្នុងនោះរួមមានទាំងការសម្លុតគំរាមផ្នែកសេដ្ឋកិច្ច។

គួរបញ្ជាក់ថា ព្រះមហាក្សត្រអេស្វាទីនី Mswati បានយាងបំពេញទស្សនកិច្ចមកកាន់តៃវ៉ាន់ ដើម្បីចូលរួមពិធីស្បថឡើងកាន់តំណែង របស់លោក Lai កាលពីឆ្នាំ២០២៤។ លើកចុងក្រោយ ដែលមេដឹកនាំតៃវ៉ាន់ បានទៅបំពេញទស្សនកិច្ចនៅអេស្វាទីនី គឺកាលពីឆ្នាំ២០២៣ នៅពេលអតីតមេដឹកនាំ លោកស្រី Tsai Ing-wen បានធ្វើដំណើរទៅកាន់ប្រទេសអាហ្រ្វិកមួយនេះ ដែលគ្មានព្រំដែនជាប់សមុទ្រ និងមានប្រជាជនប្រមាណ១.៣លាននាក់៕