ចំនួនជនអន្តោប្រវេសន៍នៅសហភាពអឺរ៉ុប កើនដល់៦៤.២លាននាក់ ក្នុងឆ្នាំ២០២៥ ដែលជាកំណត់ត្រាថ្មី (Video inside)

22-04-2026 15:35

(បែរឡាំង)៖ របាយការណ៍សិក្សាមួយចេញផ្សាយនាថ្ងៃពុធ ទី២២ ខែមេសា បានបង្ហាញថា ចំនួនជនអន្តោប្រវេសន៍ដែលកំពុងរស់នៅ​ក្នុងសហភាពអឺរ៉ុប (EU) បានកើនដល់កំណត់ត្រាថ្មីមួយ គឺ៦៤.២លាននាក់កាលពីក្នុងឆ្នាំ២០២៥ ពោលគឺកើនប្រហែល ២​.១លាននាក់ ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

របាយការណ៍ខាងលើ រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវនិងវិភាគការធ្វើអន្តោប្រវេសន៍ របស់មូលនិធិស្រាវជ្រាវ RFBerlin មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់។ តួលេខនេះ គឺយោងតាមទិន្នន័យពីទីភ្នាក់ងារស្ថិតិ Eurostat របស់ EU និង​ទីភ្នាក់ងារជនភៀសខ្លួនរបស់ UN។

ក្នុងនោះ អាល្លឺម៉ង់នៅបន្តជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេ គឺជិត១៨លាននាក់ ហើយ៧២ភាគរយ ក្នុងចំណោមពួកគេ ស្ថិតក្នុងវ័យអាចបំពេញការងារបាន។ រីឯអេស៉្បាញ បានមើលឃើញកំណើនជនអន្តោប្រវេសន៍ឆាប់រហ័សជាងគេ ដោយបន្ថែមប្រហែល៧០០ ០០០នាក់ទៀត នាំឱ្យចំនួនជនអន្តោប្រវេសន៍សរុបនៅក្នុងប្រទេសរបស់ខ្លួន កើនដល់៩.៥លាននាក់។

ការសិក្សាបានរកឃើញថា លំនាំនៃការធ្វើអន្តោប្រវេសន៍ មានលក្ខណៈមិនស្មើគ្នានៅទូទាំងប្លុក EU ដោយប្រទេសដូចជា លុចសំបួ ម៉ាល់ត៍ និងស៉ីប មើលឃើញចំនួនជនអន្តោប្រវេសន៍មានចំណែកខ្ពស់ នៅក្នុងទំហំប្រជាជនសរុបរបស់ពួកគេ។ ចំណែក ការស្នើសុំសិទ្ធិជ្រកកោន ក៏ត្រូវបានសង្កេតឃើញមានការប្រមូលផ្តុំ នៅតាមប្រទេសមួយចំនួនផងដែរ ដោយអេស៉្បាញ អ៉ីតាលី បារាំង និងអាល្លឺម៉ង់ រ៉ាប់រងជិត៣ភាគ៤ នៃពាក្យស្នើសុំទាំងអស់។ សរុបជារួម អាល្លឺម៉ង់ជាប្រទេស ដែលមានចំនួនជនភៀសខ្លួនច្រើនបំផុតនៅ EU គឺ២.៧លាននាក់៕