ទូកកាំភ្លើងរបស់អ៉ីរ៉ង់ បាញ់កប៉ាល់ដឹកកុងតឺន័រ នៅតំបន់សមុទ្រអូម៉ង់ (Video inside)
22-04-2026 16:00
(ម៉ាស្កាត់)៖ ទីភ្នាក់ងារសន្តិសុខដែនសមុទ្រអង់គ្លេស (UKMTO) បានឱ្យដឹងថា ទូកកាំភ្លើងអ៉ីរ៉ង់មួយគ្រឿង បានបាញ់កប៉ាល់ដឹកកុងតឺន័រ នៅតំបន់ឆ្នេរសមុទ្រអូម៉ង់ នាថ្ងៃពុធ ទី២២ ខែមេសានេះ បណ្តាលឱ្យរងការខូចខាត ប៉ុន្តែគ្មានអ្នករងរបួសទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
UKMTO បានបញ្ជាក់ថា អ្នកមើលការខុសត្រូវកប៉ាល់កុងតឺន័រនោះ បានរាយការណ៍ថា កប៉ាល់ត្រូវបានទូកកាំភ្លើងរបស់ឆ្មាំបដិវត្តន៍ IRGC ចូលមកជិត បន្ទាប់មកបានបាញ់ ដែលបណ្តាលឱ្យខូចខាតបន្ទប់បញ្ជារបស់កប៉ាល់ យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែគ្មានអគ្គីភ័យ ឬប៉ះពាល់ដល់បរិស្ថាននោះទេ។ ឧប្បហេតុនេះ កើតឡើងនៅចម្ងាយជាង ២៧គីឡូម៉ែត្រ ពីភាគឦសាននៃប្រទេសអូម៉ង់ ហើយនាវិកទាំងអស់មានសុវត្ថិភាព។
បើតាមក្រុមហ៊ុនសន្តិសុខដែនសមុទ្រ Vanguard Tech របស់អង់គ្លេស កប៉ាល់នេះបើកបរក្រោមទង់ជាតិលីបេរីយ៉ា ហើយត្រូវបានគេជូនដំណឹងថា អាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim រាយការណ៍ថា កប៉ាល់នោះ មិនអើពើនឹងការព្រមានពីកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់៕




