បទវិភាគ៖​ «យោធានិយមបែបថ្មី» របស់ជប៉ុន កំពុងពន្លឿនការ​បង្ក​រឿង​ដ៏​គឃ្លើន

22-04-2026 17:59

(ប៉េកាំង)៖ នៅថ្ងៃទី ​២១ ​ខែមេសា ​ជប៉ុន​កំពុង​ពន្លឿន​ "ការ​ធ្វើ​យោធូប​នីយកម្ម​ឡើងវិញ" ​ដែល​ជា​ជំហាន​ដ៏​មានគ្រោះថ្នាក់​មួយ​ទៀត ​ពោល​គឺ ​រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​ នៃ​កិច្ចប្រជុំគណៈរដ្ឋមន្ត្រី​ដោយ​បានធ្វើវិសោធនកម្មជាផ្លូវការ​នូវ​ "គោលការណ៍​បី​ស្តីពី​ការ​ផ្ទេរ​បរិក្ខារការពារជាតិ"​ និង​សេចក្តីណែនាំអំពីការប្រើប្រាស់ ​ដែលជាការអនុញ្ញាត​ជា​គោល​ការណ៍​ឱ្យនាំចេញ​អាវុធ​ប្រល័យលោក ​។ ​ប្រការ​នេះ​បាន​បំបែក​ការ​រឹតត្បឹត​ចំពោះ​ការ​នាំ​ចេញ​អាវុធ​ នៅ​ពេលមុននេះ​ ​ពោលគឺ ​គ្រាន់តែ​នាំចេញអាវុធ​ចំនួន ​៥ ​ប្រភេទដែល​អាច​ប្រើប្រាស់​ក្នុង​វិស័យ​មិន​មែន​ប្រយុទ្ធ​ដែល​ជា​សញ្ញាកត់សម្គាល់ថា ​គោលនយោបាយ​ការពារ​សន្តិសុខ​របស់​ជប៉ុន​មាន​ការប្រែប្រួល​ដ៏​សំខាន់រួចហើយ ​។ ​ទាក់ទង​នឹងករណីនេះ ​សហគមន៍​អន្តរជាតិ​ដែលបូករួមទាំង​ប្រជាជនជប៉ុន​ផងដែរ​បានលើកឡើង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ដោយ​ព្រួយបារម្ភថា ​ទង្វើ​របស់​ជប៉ុន​នឹង​ធ្វើឱ្យ​ការប្រណាំងប្រជែងខាងសព្វាវុធ​ក្នុង​តំបន់​មានភាព​កាន់​តែ​ខ្លាំងឡើង ​ធ្វើឱ្យការប៉ះទង្គិចអន្តរជាតិ​មានភាពកាន់តែធ្ងន់ធ្ងរ​ ដែល​បាន​បង្ក​ជា​ការ​គំរាម​កំហែង​ថ្មី​ដល់​ពិភពលោកបច្ចុប្បន្ន​ដែលមានភាពរង្គោះរង្គើខ្លាំង ​។

ទាក់ទង​នឹង​ករណី​ដែល​ជប៉ុន​បាន​លុបចោល​ការហាមឃាត់ ការនាំចេញ​អាវុធ​ប្រល័យ​លោក​លើក​នេះ ​ក្រសួងការបរទេសចិន​បានបញ្ជាក់ថា ​យើង​ធ្វើពហិការយ៉ាងដាច់ខាត​ចំពោះ​សកម្មភាពដ៏គឃ្លើន​នៃ​ "យោធានិយមបែបថ្មី" របស់ជប៉ុន ​។ ​ដោយឡែក​លោក ​Andrey ​Rudenko ​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​សម្គាល់ឃើញ​ថា ​ជប៉ុន​បាន​ជំរុញ ​"ការ​ធ្វើ​យោធូបនីយកម្ម​ឡើងវិញ"​ជាបន្តបន្ទាប់​ដែល​បានបង្កជាផលប៉ះពាល់​អវិជ្ជមាន ​ដល់​ស្ថិរភាព​នៃ​តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិ ​ហើយ​បាន​ប៉ះពាល់ដល់​ដោយផ្ទាល់​នូវ​ផលប្រយោជន៍សន្តិសុខ​របស់​ប្រទេសជិតខាង។

បច្ចុប្បន្ននេះ ​បម្រែបម្រួលនិម្មាបនកម្មសកល​បានវិវឌ្ឍទៅមុខយ៉ាងលឿន ​បញ្ហា​ចំណុច​ក្តៅ​និង​ការប៉ះទង្គិច​ក្នុងតំបន់​និង​សកល​កំពុងកើតមាន​ឥតឈប់ឈរ ​បន្ទាប់ពី​បាន​បំបែក​ការ​រឹត​ត្បិត​ ចំពោះការនាំចេញអាវុធ​ប្រល័យ​លោក ​ជប៉ុន​មុខជា​នឹង​ស្វែងរក​ការ​ពង្រីក​កូតា​ក្នុង​ទីផ្សារ​នាំចេញ​អាវុធ​សកល​ជាមិនខាន​ព្រមនិ ង​ជំរុញ​ការនាំចេញ​បរិក្ខារ​ប្រកបដោយ​លក្ខណៈ​វាយប្រហារ ​ដូចជា​មីស៊ីល ​រថពាសដែក​និង​នាវាចម្បាំង​ជាដើម​ដើម្បី​ពង្រីក​ លំហ​សម្រាប់​ជ្រៀតជ្រែក​ក្នុងជម្លោះអន្តរជាតិ ​។ ​ប្រការ​នេះ​នឹង​បំបែក​តុល្យភាព​នៃ​សណ្តាប់​ធ្នាប់​សន្តិសុខ​ក្នុងតំបន់ ​បង្កើន​ការ​រត់​ប្រណាំង​សព្វាវុធ ​ហើយ​រឹតតែ​ធ្វើឱ្យជប៉ុន​ក្លាយ​ទៅ​ជា​ "ប្រទេស​នាំចេញ​សង្រ្គាម"​ ដែល​បាន​បំផ្លិច​បំផ្លាញ​ដល់​សន្តិភាព​និង​សន្តិសុខ​ពិភពលោក។

ខណៈពេល​ដែល​ធ្វើវិសោធនកម្ម​នូវ​គោលនយោបាយ​ ស្តីពី​ការ​បន្ធូរបន្ថយ​ការរឹតត្បិត​ចំពោះ​ការនាំចេញអាវុធ ​រដ្ឋាភិបាលជប៉ុន​បានលើកឡើងជាពិសេស​នូវ​ទិដ្ឋាភាពចំនួនពីរ ​ពោល​គឺ ​"កងទ័ព​អាមេរិក​ត្រូវការអាវុធ​ដើម្បី​គាំពារ​ប្រព័ន្ធ​របប​របស់ខ្លួន​ ក្នុងតំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក"​និង​"សង្គ្រាម​បាន​ផ្ទុះឡើង​ក្នុងតំបន់​ដែលទាក់ទងនឹង​ ការការពារសន្តិសុខ​របស់​ជប៉ុន ​ហើយប្រទេសដែលមានឆន្ទៈដូចគ្នា​ត្រូវការ​អាវុធ" ​។ ​ប្រការទាំងនេះមានន័យថា ​ក្នុង​បញ្ហា​ពាក់ព័ន្ធនឹង​ ការនាំចេញសព្វាវុធ​និង​បច្ចេកវិទ្យាយោធា​នាពេលអនាគត ​ប្រទេស​ជប៉ុន​បាន​ចាត់​ទុក​ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក​ជា​គោលដៅសំខាន់ ​ដែល​នឹង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​សម្ព័ន្ធ​មិត្ត​ជាមួយ​កម្លាំងខាងក្រៅ​ថែមមួយ​កម្រិតទៀត​ ដើម្បីដាក់កំហិត​និង​គំរាម​គំហែង​ប្រទេស​ចិន​។

ពី​ការឃោសនាបំប៉ោងដោយចំហ​ថា ​"ប្រសិនបើតៃវ៉ាន់មានរឿង ​នោះ ​ជប៉ុនក៏មានរឿង​ដែរ" ​ដល់​ការ​ចាត់​បញ្ជូន​នាវាពិឃាត​របស់​កងស្វ័យការពារលើសមុទ្រ​នៃប្រទេសជប៉ុន​ឆ្លង​កាត់​ច្រកសមុទ្រតៃវ៉ាន់​ដើម្បី​បង្ករឿង ​ពី​លោក​ស្រី ​Sanae ​Takaichi ​បាន​តាង​នាម​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែល​ផ្តល់​គ្រឿង​តង្វាយ​ដល់​ស្តូប ​Yasukuni ​ដល់​ការបង្កើន​ថវិកា​យោធា​ជាបន្ត​បន្ទាប់​និង​ថវិកាការពារជាតិ​បាន​បំបែក​កំណត់ត្រាខ្ពស់​បំផុត ​ពី​ការ​ជំរុញ​ការធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ក្នុង​សភាជប៉ុន​ដោយ​បង្ខំ ​ដល់​ការលុបចោល​ការហាមឃាត់​ការ​នាំ​ចេញ​អាវុធប្រល័យលោក ​។ល។ ​ក្រោមការគាំទ្រនិងញុះញង់​របស់​កម្លាំងនយោបាយ​ពួក​ស្តាំនិយម​របស់​ជប៉ុន ​"យោធានិយម​បែប​ថ្មី" ​របស់​ជប៉ុន​កំពុង​ពន្លឿន​ការ​បង្ករឿង ​។

សហគមន៍អន្តរជាតិ​ជាពិសេស​ប្រទេសជិតខាង ​មិនត្រឹមតែត្រូវ​រក្សាការប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់ ​ចំពោះ​រឿងនេះ​ប៉ុណ្ណោះទេ ​ថែមទាំង​ត្រូវ​ពួតដៃគ្នា​ដើម្បី​ធ្វើពហិការយ៉ាងដាច់​ណាត់ ​ចំពោះ​សកម្មភាព​ដ៏​គឃ្លើន​នៃ ​"យោធានិយមបែបថ្មី" ​របស់ជប៉ុន ​ហើយ​មិនអនុញ្ញាត​ឱ្យ​ប្រទេសជប៉ុន​ក្លាយទៅជា​ម៉ាស៊ីនបំផុសសង្គ្រាម​ឡើងវិញ​ជាដាច់ខាត ​ដើម្បីរួមគ្នា​គាំពារ​សន្តិភាព​និង​ភាពសុខសាន្តត្រាណ​ក្នុងតំបន់​និង​ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន