អ៊ីរ៉ង់ចាប់ឃាត់នាវា ២គ្រឿងនៅច្រកសមុទ្រហ័រមូស ក្រោយលោក ដូណាល់ ត្រាំ ប្រកាសផ្អាកការវាយប្រហារដោយមិនកំណត់ (Video inside)

22-04-2026 19:39

(អ៊ីស្លាម៉ាបាដ)៖ កងកម្លាំងអ៊ីរ៉ង់បានចាប់ឃាត់នាវាចំនួន ២គ្រឿងនៅក្នុងច្រកសមុទ្រហ័រមូសនាថ្ងៃពុធនេះ ដើម្បីពង្រឹងការគ្រប់គ្រងលើផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកការវាយប្រហារលើអ៊ីរ៉ង់ដោយមិនកំណត់ពេលវេលា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានចាប់ឃាត់នាវាទាំងនោះក្រោមបទចោទ «រំលោភច្បាប់នាវាចរណ៍» ដែលនេះជាករណីដំបូងបង្អស់ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅចុងខែកុម្ភៈមក។ ការចាប់ឃាត់នេះធ្វើឡើងភ្លាមៗ ក្រោយលោក ត្រាំ បានប្រកាសតាមបណ្តាញសង្គមថា លោកយល់ព្រមតាមការស្នើសុំរបស់មន្ត្រីសម្របសម្រួលប៉ាគីស្ថានក្នុងការផ្អាកការវាយប្រហារ ដើម្បីទុកពេលឱ្យមេដឹកនាំអ៊ីរ៉ង់រៀបចំសំណើសម្រាប់កិច្ចចរចាសន្តិភាព។

ទោះជាយ៉ាងណា លោក ត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងនៅតែបន្តវិធានការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់តាមផ្លូវសមុទ្រដដែល ដែលសកម្មភាពនេះត្រូវបានទីក្រុងតេអេរ៉ង់ចាត់ទុកថាជា «សកម្មភាពសង្គ្រាម»។ ភាគីអ៊ីរ៉ង់បានបញ្ជាក់ជំហរថានឹងមិនបើកច្រកសមុទ្រហ័រមូសឡើងវិញឡើយ ដរាបណាអាមេរិកនៅតែបន្តការបិទខ្ទប់ ខណៈដែលវិវាទរវាងប្រទេសទាំងពីរ កំពុងរុញច្រានពិភពលោកឱ្យធ្លាក់ចូលក្នុងវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរ៕