អាមេរិកផ្អាកបញ្ជូនសាច់ប្រាក់ ៥០០លានដុល្លារ និងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអ៊ីរ៉ាក់ ដើម្បីដាក់សម្ពាធលើក្រុមសកម្មប្រយុទ្ធ (Video inside)

22-04-2026 21:30

(បាកដាត)៖ សហរដ្ឋអាមេរិកបានសម្រេចផ្អាកការបញ្ជូនសាច់ប្រាក់ប្រមាណ ៥០០លានដុល្លារទៅកាន់ប្រទេសអ៊ីរ៉ាក់ និងបានផ្អាកផ្នែកខ្លះនៃកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយទីក្រុងបាកដាត (Baghdad) ក្នុងគោលបំណងដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ាក់ ចំពោះសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

វិធានការនេះកើតឡើងបន្ទាប់ពីក្រុមប្រដាប់អាវុធដែលស្និទ្ធនឹងអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ បានបើកការវាយប្រហារដោយដ្រូន និងរ៉ុក្កែតជាបន្តបន្ទាប់លើមូលដ្ឋានទ័ពអាមេរិក និងប្រទេសជិតខាង រួមមានអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងគូវ៉ែត ដើម្បីគាំទ្រទីក្រុងតេហេរ៉ង់ក្នុងសង្គ្រាមតំបន់។ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនសារយ៉ាងច្បាស់ថា ខ្លួននឹងមិនគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ណា ដែលមិនអាចទប់ស្កាត់ក្រុមសកម្មប្រយុទ្ធទាំងនេះ ពីការវាយប្រហារលើផលប្រយោជន៍របស់អាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ឈូងសមុទ្រនោះឡើយ។

បន្ថែមពីលើការផ្អាកបញ្ជូនក្រដាសប្រាក់ដុល្លារ ដែលប៉ះពាល់ដល់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃដូចជា ការធ្វើដំណើរ និងការព្យាបាលនៅបរទេស សហរដ្ឋអាមេរិកក៏បានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ និងការជួបប្រជុំយោធារួមគ្នាជាមួយអ៊ីរ៉ាក់ផងដែរ។ ចំណាត់ការនេះកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក ម៉ូហាំម៉ាត់ ស៊ីអា អាល់ស៊ូដានី (Mohammed Shia al-Sudani) ខណៈដែលលោកកំពុងព្យាយាមសម្របសម្រួលភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់នៅលើទឹកដីរបស់ខ្លួន៕