រដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក ត្រូវបានបណ្ដេញចេញពីតំណែង (Video inside)

23-04-2026 09:03

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ បានប្រកាសថារដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក លោក John Phelan នឹងចុះចេញពីតំណែងភ្លាមៗ ដោយមិនបានផ្ដល់ការពន្យល់ពីមូលហេតុនៃការចាកចេញយ៉ាងទាន់ហន់នេះនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការចាកចេញរបស់លោក Phelan ធ្វើឡើងបន្ទាប់ពីការបណ្ដេញមេបញ្ជាការកងទ័ពជើងគោកអាមេរិក លោក Randy George និងមន្ត្រីជាន់ខ្ពស់២រូបផ្សេងទៀតចេញពីតំណែង កាលពីដើមខែមេសានេះ ក្នុងគ្រាសហរដ្ឋអាមេរិកកំពុងជាប់ផុងក្នុងសង្រ្គាមអ៉ីរ៉ង់ដែលមិនទាន់ត្រូវបានដោះស្រាយបិទបញ្ចប់នៅឡើយ។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានប្រកាសថាលោក Phelan នឹងចុះចេញពីតំណែងដែលនឹងចូលជា ធរមានភ្លាមៗ ហើយអនុរដ្ឋមន្ត្រី លោក Hung Cao នឹងត្រូវឡើងកាន់តំណែងជារដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិកស្ដីទី។

គួរបញ្ជាក់ថា ចាប់តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ កាលពីឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានដឹកនាំការជម្រុះមន្ត្រីយោធាជាន់ខ្ពស់ជាច្រើន នាក់ចេញពីតំណែង ក្នុងនោះរួមមានប្រធានសេនាធិការចម្រុះកងទ័ពអាមេរិក លោកនាយឧត្តមសេនីយ៍ Charles Brown ដែលត្រូវបានលោក ត្រាំ បណ្ដេញចេញពីតំណែង ដោយមិនមានការពន្យល់អ្វីទាំងអស់កាលពីខែកុម្ភៈ ឆ្នាំ២០២៥៕