New York Post៖ កិច្ចចរចាជុំទី២ រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ អាចនឹងធ្វើឡើងក្នុងពេល ៣ថ្ងៃទៀត (Video inside)
23-04-2026 09:53
(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក New York Post កាលពីថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ បានរាយការណ៍ថាកិច្ចចរចា ជុំទី២រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់អាចនឹងធ្វើឡើង ក្នុងពេល៣ថ្ងៃទៀត។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សេចក្ដីរាយការណ៍របស់ New York Post ធ្វើឡើងដោយផ្អែកលើប្រភពពីក្រុមមន្ត្រីប៉ាគីស្ថានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លោក ត្រាំ ត្រូវបានរាយការណ៍ថាបានប្រាប់ New York Post នៅពេលត្រូវបានសាកសួរអំពីប្រភពក្នុងប្រទេសប៉ាគីស្ថាន ដែលបានសម្រសម្រួលឱ្យមានកិច្ចចរចាជុំទី១ ថាកិច្ចចរចាជុំទី២ ត្រូវបានរំពឹងថាអាចនឹងធ្វើឡើងក្នុងទីក្រុងអ៉ីស្លាម៉ាបាដ ក្នុងពេល ៣៦ ទៅ៧២ម៉ោងខាងមុខ។
លោក ត្រាំ កាលពីថ្ងៃអង្គារបានប្រកាសពីការពន្យារបទឈប់បាញ់ជាមួយអ៉ីរ៉ង់ដោយគ្មានការកំណត់កាលបរិច្ឆេទ។ សារព័ត៌មានអនឡាញក្នុងប្រទេសប៉ាគីស្ថាន News Post ក៏បានរាយការណ៍ដែរថាកិច្ចចរចាជុំទី២អាចនឹងប្រព្រឹត្តទៅក្នុងពេល៣ថ្ងៃទៀត តែមិនបានបញ្ជាក់លម្អិតពីប្រភពណាមួយដែលខ្លួនទទួលបាននោះទេ៕





