អាមេរិក បើកផ្លូវឱ្យមានការលក់មីស៉ីល Hellfire ទៅហូឡង់ (Video inside)
23-04-2026 11:52
(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានអនុម័តជុំវិញការលក់មីស៉ីល Hellfire ទៅឱ្យប្រទេសហូឡង់ នៅក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦។
រដ្ឋាភិបាលអាមេរិកបញ្ជាក់ថា ហូឡង់បានស្នើសុំទិញមីស៊ីល AGM-114R2 Hellfire ចំនួន ៥៣០គ្រាប់ និងបរិក្ខាពាក់ព័ន្ធ រួមទាំងការគាំទ្រផ្នែកបច្ចេកទេសផងដែរ។ សម្រាប់អ្នកម៉ៅការគម្រោងនេះ គឺក្រុមហ៊ុន Lockheed Martin។
តាមក្រសួងការបរទេសអាមេរិក គម្រោងនេះនឹងរួមចំណែកធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធហូឡង់ ពង្រីកសមត្ថភាពការពារជាតិ និងទប់ស្កាត់ការគំរាមកំហែងក្នុងតំបន់។ វាក៏នឹងរួមចំណែកដល់គោលដៅយោធារបស់ហូឡង់ ក្នុងការធ្វើបច្ចុប្បន្នភាពសមត្ថភាពរបស់ខ្លួនផងដែរ នៅពេលកំពុងបង្កើនអន្តរប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដទៃ៕




