ចៅក្រមតុលាការ​ ICC ទាត់ចោលការប៉ុនប៉ងចង់ឱ្យដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte (Video inside)

23-04-2026 13:15

(អាំស្ទែដាំ)៖ កាលពីថ្ងៃពុធ ទី២២ ខែមេសា ចៅក្រុមឧទ្ធរណ៍ បានចេញសេចក្តីសម្រេចថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មានយុត្តាធិការលើអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដោយច្រានចោលការប៉ុនប៉ងចង់ឱ្យរំសាយសំណុំរឿងរបស់​លោក ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀន ដែលបានផ្តាច់ជីវិតមនុស្សរាប់ពាន់នាក់ អំឡុងពេលលោកនៅកាន់អំណាច។

លោក Duterte បានជាប់ឃុំឃាំងនៅ ICC ក្នុងទីក្រុងឡាអេនៃប្រទេសហូឡង់ ចាប់តាំងពីរូបលោកត្រូវបានចាប់ខ្លួន កាលពីខែមីនា ឆ្នាំ២០២៥។ ហ្វីលីពីនបានដកខ្លួនជាផ្លូវការ ចេញពីសមាជិករបស់តុលាការ ICC កាលពីឆ្នាំ២០១៨ ហើយក្រុមមេធាវីការពារក្តីរបស់លោក Duterte បានលើកហេតុផលថា ដូច្នេះហើយវាមានន័យថា ICC មិនមានយុត្តាធិការលើសំណុំរឿងនេះទេ។

យ៉ាងណាមិញ ចៅក្រមឧទ្ធរណ៍របស់តុលាការ ICC បានសម្រេចថា សំណុំរឿងនេះអាចបន្តទៅមុខ ហើយទាត់ចោលការទាមទារ ដែលចង់ឱ្យដោះលែងអតីតមេដឹកនាំវ័យ៨១ឆ្នាំរូបនេះ ជាបន្ទាន់។ ក្រុមចៅក្រម បាននិយាយថា ការដែលការងារត្រួតពិនិត្យជាបឋម ដែលជាវិធានការមុនឈានដល់មានការស៉ើបអង្កេតផ្លូវការ បានចាប់ផ្តើមតាំងតែពីមុនពេលហ្វីលីពីន ដកសមាជិកភាពរបស់ខ្លួន គឺវាគ្រប់គ្រាន់ដើម្បីឱ្យ ICC នៅបន្តមានយុត្តាធិការលើប្រទេសនេះ។

គួរបញ្ជាក់ថា បើតាមរដ្ឋអាជ្ញា លោក Duterte បានបង្កើត ហើយផ្តល់ហិរញ្ញវត្ថុ និងបំពាក់អាវុធឱ្យក្រុមធ្វើឃាត ដើម្បីកំណត់គោលដៅ និងសម្លាប់ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីអំឡុងពេលលោកនៅកាន់អំណាច ចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ ដោយឡែក លោក Duterte បដិសេធថា រូបលោកបានបង្គាប់ឱ្យប៉ូលិសអាចសម្លាប់ជនសង្ស័យ តែក្នុងករណីការពារខ្លួនប៉ុណ្ណោះ ហើយលោកបានប្រកាន់ជំហរការពារជានិច្ច ចំពោះយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់លោក៕