ចិនច្រានចោលការលើកឡើងរបស់លោក ត្រាំ ដែលថាកប៉ាល់ដឹកទំនិញត្រូវបានរឹបអូសនៅមជ្ឈិមបូព៌ា មានផ្ទុក «អំណោយ» សម្រាប់អ៉ីរ៉ង់ (Video inside)

23-04-2026 13:47

(ប៉េកាំង)៖ កាលពីថ្ងៃពុធ ទី២២ ខែមេសា ចិនបានបដិសេធជាថ្មីម្តងទៀត ចំពោះការលើកឡើងថា កប៉ាល់ដឹកទំនិញ១គ្រឿង ដែលត្រូវបានរឹបអូសដោយសហរដ្ឋអាមេរិក មានផ្ទុក «អំណោយ» ពីទីក្រុងប៉េកាំងសម្រាប់អ៉ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់យ៉ាងដូច្នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយថា កប៉ាល់ដោតទង់ជាតិអ៉ីរ៉ង់ ដែលយោធាអាមេរិកបានរឹបអូសនៅឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន គឺមានផ្ទុក «អំណោយពីចិន» ដែលលោកចាត់ទុកថាជារឿងមិនល្អទាល់តែសោះ។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley បានបង្ហោះសារថា កប៉ាល់នោះ មានគោលដៅធ្វើដំណើរចេញពីប្រទេសចិនឆ្ពោះទៅអ៉ីរ៉ង់ ហើយជាប់ពាក់ព័ន្ធការដឹកជញ្ជូនសារធាតុគីមី សម្រាប់មីស៉ីល។

ដំបូងឡើយ ក្នុងការឆ្លើយតបការចោទប្រកាន់របស់លោកស្រី Haley អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយថា កប៉ាល់ខាងលើ គឺជាកប៉ាល់ដឹកទំនិញបរទេស ហើយចិនប្រឆាំងជានិច្ច ចំពោះការប៉ុនប៉ងទាញភ្ជាប់ឬសន្និដ្ឋានណាមួយ ដែលមានចេតនាអាក្រក់។ នៅពេលត្រូវបានសាកសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំ កាលពីថ្ងៃពុធ លោក Guo បានលើកឡើងថា ចិនបានបញ្ជាក់គោលជំហររបស់ខ្លួនច្បាស់ៗរួចហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា រូបលោកហាក់ភ្ញាក់ផ្អើលចំពោះរឿងនេះ ដ្បិតលោកបានគិតថា រូបលោក និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង មានការយល់ដឹងច្បាស់រវាងគ្នា។ កាលពីមួយសប្តាហ៍មុន លោក ត្រាំ បានប្រកាសថា លោក ស៉ី បានធានាប្រាប់លោកផ្ទាល់ថា នឹងមិនមានការបញ្ជូនអាវុធរបស់ចិនទៅកាន់អ៉ីរ៉ង់ឡើយ។ ទីក្រុងប៉េកាំង គឺជាដៃគូជិតស្និទ្ធមួយ​របស់ទីក្រុងតេហេរ៉ង់ ហើយបានហៅសង្រ្គាមអាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់ ថាជារឿងខុសច្បាប់ ប៉ុន្តែក៏បានរិះគន់ផងដែរចំពោះ ការវាយប្រហារលើក្រុមប្រទេសឈូងសមុទ្រអារ៉ាប់ ហើយបានអំពាវនាវឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ៕