អាមេរិកចោទចិនប្រើការសម្លុតគំរាម ដើម្បីរារាំងទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ ទៅកាន់ទ្វីបអាហ្រ្វិក (Video inside)
23-04-2026 14:11
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២២ ខែមេសា សហរដ្ឋអាមេរិក បានរិះគន់នូវអ្វីដែលខ្លួនហៅថា «យុទ្ធនាការសម្លុតគំរាម» បន្ទាប់ពីប្រទេសអាហ្រ្វិកមួយចំនួន ត្រូវបានរាយការណ៍ថា ទទួលរងសម្ពាធពីចិន ដើម្បីបំផ្លាញគម្រោងទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីថ្ងៃអង្គារ កោះតៃវ៉ាន់បានប្រកាសថា លោក Lai សម្រេចផ្អាកគម្រោងទស្សនកិច្ចទៅកាន់ប្រទេសអេស្វាទីនី ដែលជាសម្ព័ន្ធមិត្តតែ ១គត់របស់តៃវ៉ាន់នៅទ្វីបអាហ្រ្វិក បន្ទាប់ពីប្រទេសអាហ្រ្វិក៣ផ្សេងទៀត រួមមាន Seychelles, Mauritius និង Madagascar សុខៗស្រាប់តែលុបចោលការអនុញ្ញាតឱ្យយន្តហោះរបស់លោក ហោះធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ។ កាលពីថ្ងៃពុធ ទីក្រុងប៉េកាំង បាននិយាយថា ខ្លួនវាយតម្លៃខ្ពស់ចំពោះបណ្តាប្រទេសអាហ្វ្រិក ដែលបានលុបចោលការផ្តល់សិទ្ធិហោះហើរ សម្រាប់ទស្សនកិច្ចរបស់លោក Lai ដែលគ្រោងធ្វើឡើងក្នុងសប្តាហ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា «យើងព្រួយបារម្ភជុំវិញសេចក្តីរាយការណ៍ដែលថា ប្រទេសមួយចំនួន បានលុបចោលការផ្តល់សិទ្ធិហោះហើរឆ្លងកាត់ ដើម្បីរារាំងមិនឱ្យមេដឹកនាំតៃវ៉ាន់ ធ្វើទស្សនកិច្ចទៅកាន់អេស្វាទីនី។ ប្រទេសទាំងនោះ កំពុងធ្វើសកម្មភាពតាមការបង្គាប់បញ្ជារបស់ចិន ដោយលូកលាន់ក្នុងសុវត្ថិភាព ក៏ដូចជាសេចក្តីថ្លៃថ្នូរ នៃការធ្វើដំណើរជាទូទៅរបស់ក្រុមមន្រ្តីតៃវ៉ាន់។ នេះគឺជាករណីមួយទៀតហើយ នៃការធ្វើយុទ្ធនាការសម្លុតគំរាមរបស់ទីក្រុងប៉េកាំង ប្រឆាំងតៃវ៉ាន់និងក្រុមអ្នកគាំទ្រតៃវ៉ាន់ នៅជុំវិញពិភពលោក»។
គួរបញ្ជាក់ថា អេស្វាទីនី ដែលជាកូនប្រទេសតូចមួយនៅភាគខាងត្បូងទ្វីបអាហ្រ្វិក ស្ថិតក្នុងចំណោមប្រទេសត្រឹម១២ប៉ុណ្ណោះនៅលើពិភពលោក ដែលបន្តរក្សាទំនាក់ទំនងផ្លូវការ ជាមួយកោះតៃវ៉ាន់។ ព្រះមហាក្សត្រអេស្វាទីនី ព្រះអង្គ Mswati បានយាងបំពេញទស្សនកិច្ចទៅកាន់តៃវ៉ាន់ ដើម្បីចូលរួមពិធីស្បថឡើងកាន់តំណែង របស់លោក Lai កាលពីឆ្នាំ២០២៤។ លើកចុងក្រោយ ដែលមេដឹកនាំតៃវ៉ាន់ បានទៅបំពេញទស្សនកិច្ចនៅអេស្វាទីនី គឺកាលពីឆ្នាំ២០២៣ នៅពេលអតីតមេដឹកនាំ លោកស្រី Tsai Ing-wen បានធ្វើដំណើរទៅកាន់ប្រទេសអាហ្រ្វិកមួយនេះ ដែលគ្មានព្រំដែនជាប់សមុទ្រ និងមានប្រជាជនប្រមាណ១.៣លាននាក់៕




