ក្រុមមហាសេដ្ឋីរុស្ស៉ី កើនឡើងទ្រព្យសម្បត្តិ១១ភាគរយក្នុងរយៈពេល១ឆ្នាំ ទោះប្រឈមសង្រ្គាមនៅអ៊ុយក្រែន និងទណ្ឌកម្មលោកខាងលិច
23-04-2026 14:48
(មូស្គូ)៖ ទស្សនាវដ្តី Forbes បានរាយការណ៍ថា ក្រុមមហាសេដ្ឋីរុស្ស៉ី បានកើនឡើងទ្រព្យសម្បត្តិសរុប១១ភាគរយ ដល់ចំនួនកំណត់ត្រាថ្មីមួយ គឺ៦៩៥.៥ពាន់លានដុល្លារ អំឡុងរយៈពេលមួយឆ្នាំកន្លងទៅនេះ បើទោះបីជាបន្តប្រឈមនឹងសង្រ្គាមនៅអ៊ុយក្រែន រួមជាមួយការដាក់ទណ្ឌកម្មធ្ងន់មិនធ្លាប់មានពីលោកខាងលិចក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦។
ក្រុមមហាសេដ្ឋីរុស្ស៉ី សុទ្ធតែមានទំនាក់ទំនងជាមួយធនធានធម្មជាតិដ៏ច្រើនសម្បើម ដែលប្រទេសរុស្ស៉ីបាននាំចេញទៅទីផ្សារសកល អស់រយៈពេលរាប់ទសវត្សរ៍ ហើយទ្រព្យសម្បត្តិរបស់ពួកគេ បានកើនឡើង ខណៈដែលផលរំខានចំពោះលំហូរពាណិជ្ជកម្ម បានធ្វើឱ្យទំនិញឡើងថ្លៃ ប៉ុន្តែទស្សនាវដ្តី Forbes បានកត់សម្គាល់ថា ពុំមានឈ្មោះថ្មីលេចឡើងនៅលំដាប់កំពូលនៃបញ្ជីនោះទេ។
បើតាមចំណាត់ថ្នាក់របស់ Forbes លោក Alexei Mordashov អគ្គនាយកក្រុមហ៊ុនវិនិយោគ Severgroup គឺជាកំពូលមហាសេដ្ឋីលេខ១របស់រុស្ស៉ី ជាមួយទ្រព្យសម្បត្តិ៣៧ពាន់លានដុល្លារ ដែលជាកំណើន៨.៤ពាន់លានដុល្លារ ធៀបនឹងឆ្នាំមុន។
រីឯលោក Vladimir Potanin ស្ថាបនិកសម្ព័ន្ធក្រុមហ៊ុន Interros និងក្រុមហ៊ុនផលិតលោហៈ Nornickel ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយទ្រព្យសម្បត្តិ២៩.៧ពាន់លានដុល្លារ។ ដោយឡែក លោក Vagit Alekperov អតីតប្រធានក្រុមហ៊ុនប្រេង Lukoil ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ដោយមានទ្រព្យសម្បត្តិ២៩.៥ពាន់លានដុល្លារ ហើយលោក Leonid Mikhelson នាយកប្រតិបត្តិការក្រុមហ៊ុន Novatek និងគ្រួសាររបស់លោក ឈរនៅលេខរៀងទី៤ ជាមួយទ្រព្យសម្បត្តិ២៨.៣ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៉ី គឺជាទំហំដ៏តូចមួយបើធៀបទៅនឹងទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីអាមេរិក ជាពិសេសមហាសេដ្ឋីបច្ចេកវិទ្យា។ តួយ៉ាង លោក Elon Musk ជាប់ចំណាត់ថ្នាក់ជាកំពូលមហាសេដ្ឋកិច្ចមានជាងគេបំផុតនៅលើពិភពលោកក្នុងបញ្ជី Forbes ជាមួយទ្រព្យសម្បត្តិរហូតដល់៨៣៩ពាន់លានដុល្លារ ខណលោក Larry Page នៃក្រុមហ៊ុន Google ស្ថិតនៅចំណាត់ទី២ ជាមួយទ្រព្យសម្បត្តិ២៥៧ពាន់លានដុល្លារ៕








