អង់គ្លេសនឹងបង់ថ្លៃឱ្យបារាំងដល់ជិត៩០០លានដុល្លារ ក្រោមកិច្ចព្រមព្រៀងដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ (Video inside)

23-04-2026 15:18

(ឡុងដ៏)៖ ចក្រភពអង់គ្លេស បានឱ្យដឹងថា ខ្លួននឹងបង់ថ្លៃឱ្យបារាំងប្រហែល ៦៦០លានផោន ឬ ៨៩២លានដុល្លារ ក្រោមកិច្ចព្រមព្រៀងសន្តិសុខព្រំដែនរយៈពេល ៣ឆ្នាំ ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ ដែលឆ្លងកាត់ដោយខុសច្បាប់តាមច្រកសមុទ្រ ដោយផ្នែកមួយនៃការបង់គឺអាស្រ័យទៅលើលទ្ធផលជាក់ស្តែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣​ ខែមេសា ឆ្នាំ២០២៦។

នៅក្នុងការបង់ថ្លៃនោះ ថវិកាប្រមាណ ៦៨០លានដុល្លារ នឹងប្រើប្រាស់សម្រាប់ជំរុញការអនុវត្តច្បាប់លើឆ្នេរសមុទ្រភាគខាងជើងប្រទេសបារាំង រួមទាំងការដាក់ពង្រាយកម្លាំងអនុវត្តច្បាប់ ចារកម្ម និងយោធាជិត ១១០០នាក់។ ថវិកាបន្ថែមប្រមាណ ២១៥លានដុល្លារនឹងត្រូវបង់ទៀត ប្រសិនយុទ្ធសាស្ត្រថ្មីអាចបញ្ឈប់ជនអន្តោប្រវេសន៍។ បើមិនដូច្នោះទេ ការបង់ថ្លៃនឹងបញ្ឈប់ក្រោយអនុវត្តបានមួយឆ្នាំ។

កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលប៉ូលិសបង្ក្រាបកុបកម្មថ្មីចំនួន ៥០នាក់ បន្ថែមក្រុមស៉ើបការណ៍សម្ងាត់ និងប៉ូលិសយុត្តិធម៌ ក៏ដូចជាការល្បាតតាមសមុទ្រ។ វិធានការឃ្លាំមើលធ្វើឡើងដោយយន្តហោះដ្រូន ឧទ្ធម្ភាគចក្រ ២គ្រឿង និងប្រព័ន្ធកាមេរ៉ាទំនើប។ បារាំងក៏នឹងដាក់ពង្រាយនាវាថ្មីមួយគ្រឿង និងមន្ត្រីដែនសមុទ្រ ២០នាក់ទៀត ដើម្បីស្ទាក់ចាប់ទូកនៅលើសមុទ្រផងដែរ។

គួរបញ្ជាក់ថា ទិន្នន័យបង្ហាញថា មនុស្សប្រហែល ៤១ ០០០នាក់បានឆ្លងកាត់ច្រកសមុទ្រ ចូលទៅកាន់ប្រទេសអង់គ្លេស តាមទូកតូចៗ នៅក្នុងឆ្នាំ២០២៥ ដែលជិតដល់កំណត់ត្រាំឆ្នាំ២០២២៕