លីបង់ និងអ៉ីស្រាអែល បើកកិច្ចចរចាជាថ្មីនៅវ៉ាស៉ីនតោន ខណៈបទឈប់បាញ់រយៈពេល ១០ថ្ងៃជិតផុតកំណត់ (Video inside)

23-04-2026 16:56

(វ៉ាស៉ីនតោន)៖ លីបង់ និងអ៉ីស្រាអែល បានបើកកិច្ចចរចាជុំថ្មី នៅក្នុងទីក្រុងវ៉ាស៉ីនតោន នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ដោយទីក្រុងបេរូត គ្រោងស្នើឱ្យមានការពន្យារពេលបទឈប់បាញ់ ដែលត្រូវផុតកំណត់នៅប៉ុន្មានថ្ងៃខាងមុខនេះ ឱ្យដល់រយៈពេលមួយខែ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លីបង់-អ៉ីស្រាអែល ដែល​បាន​ធ្វើសង្គ្រាម​ជាមួយគ្នា ​អស់​រយៈពេល​ច្រើន​ទសវត្សរ៍​ បានធ្វើ​កិច្ចប្រជុំ​ម្តងហើយ ​ក្នុងទីក្រុង​វ៉ាស៉ីនតោន ​កាលពី​ថ្ងៃទី១៤ ខែមេសា ក្នុង​បំណង​បញ្ចប់​សង្គ្រាម​ជាង​ ៦សប្តាហ៍ ​រវាង​ក្រុម​ហេសបូឡា និង​អ៉ីស្រាអែល។ សហរដ្ឋអាមេរិក បានប្រកាសបទឈប់បាញ់ ១០ថ្ងៃភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំដំបូងនោះ ហើយវានឹងត្រូវផុតកំណត់នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

ដូចពេលជុំមុនៗដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងនាំឯកអគ្គរដ្ឋទូតអ៉ីស្រាអែល លោក Yechiel Leiter ឯកអគ្គរដ្ឋទូតលីបង់ លោកស្រី Nada Hamadeh Moawad ឱ្យប្រជុំជាមួយគ្នា នៅចំពោះមុខឯកអគ្គរដ្ឋទូតអាមេរិកប្រចាំលីបង់ លោក Michel Issa។

មុនកិច្ចចរចា អ៉ីស្រាអែល​និយាយថា​ មិន​មានការ​ខ្វែងគំនិត​ខ្លាំងជាមួយ​លីបង់​ទេ ហើយអំពាវនាវឱ្យធ្វើការ​រួមគ្នាប្រឆាំង​ក្រុម​ហេសបូឡា​ ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់៕