បទវិភាគ៖ ផ្តោតសំខាន់លើការអភិវឌ្ឍរួម ត្រួសត្រាយអនាគតដ៏ល្អបវរជាមួយគ្នា
23-04-2026 18:00
(ប៉េកាំង)៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា កិច្ចប្រជុំជាន់ខ្ពស់លើកទី៣ នៃវេទិកាស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល បានប្រារព្ធឡើងតាមការគ្រោងទុក ។ ក្នុងពិភពលោកបច្ចុប្បន្ននេះ ឯកតោភាគីនិយមបានងើបឡើងវិញ នយោបាយអនុត្តរភាពកំពុងរីករាលដាល ហើយប្រព័ន្ធអភិបាលកិច្ចសកលដែលចាត់ទុក ប្រព័ន្ធអង្គការសហប្រជាជាតិជាស្នូល កំពុងរងការចោទជាមន្ទិលសង្ស័យនិងសាកល្បងពីប្រទេសមួយចំនួនតូច ដែលបណ្តាលឱ្យកិច្ចការអភិវឌ្ឍន៍សកល ប្រឈមមុខនឹងវិបត្តិ ។ ដូច្នេះ កិច្ចប្រជុំលើកនេះបានទាក់ទាញការចាប់អារម្មណ៍ពីទូទាំងពិភពលោក ដោយបានផ្ទុក នូវសេចក្តីរំពឹងទុករបស់សហគមន៍អន្តរជាតិ ក្នុងការស្វែងរកដំណោះស្រាយដើម្បីលុបបំបាត់ឧបសគ្គនៃការអភិវឌ្ឍ និងរួមគ្នាជំរុញវិបុលភាពនិងវឌ្ឍនភាព ។
កាលពីខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ក្នុងគោលបំណងពន្លឿនការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាព ឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ និងជំរុញការសម្រេចបាន នូវការអភិវឌ្ឍសកលប្រកបដោយភាពរឹងមាំ បៃតង និងល្អបរិសុទ្ធដែលបានដើរតួនាទីណែនាំដ៏គន្លឹះ ក្នុងការពូនជ្រំកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសកល និងកសាងសហគមន៍រួមវាសនាសម្រាប់ការអភិវឌ្ឍសកល ។ ដូចប្រសាសន៍របស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានលើកឡើងថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលមានភាពបន្ស៊ីគ្នាកម្រិតខ្ពស់ជាមួយ គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ជាពិសេស ក្នុងវិស័យលុបបំបាត់ភាពក្រីក្រ ធានាសន្តិសុខស្បៀង ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងជំរុញកំណើនប្រកបដោយសមភាពនិងបរិយាប័ន្ន វាសុទ្ធតែផ្តោតលើចំណុចស្នូលនៃការអភិវឌ្ឍក្នុងយុគសម័យ។
ចិនមិនត្រឹមតែជាអ្នកលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកអនុវត្តជាក់ស្តែងយ៉ាងមុតមាំផងដែរ ។ ភាគីចិនបន្តបង្កើនការវិនិយោគក្នុងការអភិវឌ្ឍសកល ដោយបានបន្ថែមមូលនិធិអភិវឌ្ឍន៍សកលនិងមូលនិធិសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ឱ្យឡើងដល់ ៤ ពាន់លានដុល្លារអាមេរិក ។ ភាគីចិនបានអនុវត្តគម្រោងជាង ២០០ នៅក្នុងប្រទេសជាង ៧០ ជាមួយនឹងអង្គការអន្តរជាតិជាង ២០ ដូចជា កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ និងកម្មវិធីស្បៀងអាហារពិភពលោកជាដើម ដែលបានផ្តល់ផលប្រយោជន៍ ដល់ប្រជាជនចំនួនជាង ៤០ លាននាក់។
ភាគីចិនបានបង្កើតឃ្លាំងមូលធនសម្រាប់ការអភិវឌ្ឍសកល ហើយរួមសហការជាមួយស្ថាប័នហិរញ្ញវត្ថុចិននិងអន្តរជាតិ ដើម្បីបង្កើតមូលនិធិពិសេសសម្រាប់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលមានតម្លៃចំនួន១៤ពាន់លានដុល្លារអាមេរិក ដោយទាក់ទាញការចូលរួមពីភាគីផ្សេងៗបូករួមទាំងរដ្ឋាភិបាលនិងសង្គមស៊ីវិល ដើម្បីពង្រីកមធ្យោបាយសម្រាប់ អនុវត្តគម្រោងស្តីពីគំនិតផ្តួចផ្តើមនេះ ។ ភាគីចិនបានបង្កើតឃ្លាំងគម្រោងអភិវឌ្ឍន៍សកល ដោយមានគម្រោងជាង១៨០០រួចហើយ ដែលគ្របដណ្តប់វិស័យសហប្រតិបត្តិការសំខាន់ៗចំនួន ៨នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពរបស់អង្គការសហប្រជាជាតិ។
ឆ្នាំនេះជាខួបទី ៥ នៃការលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ភាគីចិនបានជ្រោងទង់សហគមន៍រួមវាសនាសម្រាប់មនុស្សជាតិជាប់រហូតមក ដោយប្រមូលផ្តុំគំនិតឯកភាពរួមផ្នែកអភិវឌ្ឍន៍ ចាត់ប្រតិបត្តិការរួមគ្នា និងផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍ ។ យន្តការអនុវត្តគំនិតផ្តួចផ្តើមនេះមានប្រទេស និងអង្គការអន្តរជាតិចំនួនជាង ១៣០បានចូលរួម ដែលបានក្លាយជាផលិតផលសាធារណៈអន្តរជាតិ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង។
ក្នុងកិច្ចការអភិបាលកិច្ចអភិវឌ្ឍន៍សកល ជានិច្ចកាល ចិនតែងតែជាអ្នកអនុវត្តជាក់ស្តែងពហុភាគីនិយមយ៉ាងមុតមាំ ជាអ្នកជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍរួមសកល និងជាអ្នកគាំពារផលប្រយោជន៍រួមរបស់ ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ស្មោះត្រង់ ។ សហគមន៍អន្តរជាតិបានទទួលស្គាល់និងមានទុកចិត្ត ចំពោះតួនាទីដឹកនាំនិងសម្របសម្រួលជាបន្តបន្ទាប់របស់ចិន ។ ចិននឹងពួតដៃគ្នាជាមួយបណ្តាប្រទេសនានា ដើម្បីអនុវត្តជាក់ស្តែង "គំនិតផ្តួចផ្តើមធំទាំងបួន" ជំរុញការកសាង ប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល ក៏ដូចជាបំពេញបន្ថែមកម្លាំងចិនឥតឈប់ឈរ ទៅក្នុងកិច្ចការអភិវឌ្ឍន៍សកល៕
វិទ្យុមិត្តភាពកម្ពុជាចិន





