សហភាពអឺរ៉ុបអនុម័តជាផ្លូវការនូវប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងកញ្ចប់ទណ្ឌកម្មទី២០ ប្រឆាំងរុស្ស៊ី (Video inside)
23-04-2026 19:25
(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តជាផ្លូវការនូវការផ្ដល់ប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូ (ប្រមាណជាង ៩៦ពាន់លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែន ព្រមទាំងការដាក់ចេញនូវកញ្ចប់ទណ្ឌកម្មទី២០ ប្រឆាំងនឹងប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក អាន់តូនីញ៉ូ កូស្តា (Antonio Costa) ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់តាមរយៈបណ្ដាញសង្គម X ថា យុទ្ធសាស្ត្ររបស់ EU ដើម្បីសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន គឺផ្អែកលើសសរស្តម្ភចំនួនពីរ រួមមាន៖ ការពង្រឹងសមត្ថភាពរបស់អ៊ុយក្រែន និងការបង្កើនសម្ពាធលើប្រទេសរុស្ស៊ី។ លោកបានសង្កត់ធ្ងន់ថា EU កំពុងបន្តបោះជំហានទៅមុខលើចំណុចទាំងពីរនេះក្នុងពេលតែមួយ។
ការអនុម័តជាផ្លូវការនេះបានកើតឡើង បន្ទាប់ពីប្រទេសហុងហ្ការី បានសម្រេចដកសិទ្ធិវេតូ របស់ខ្លួនចេញ ដែលជាការបើកផ្លូវឱ្យឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិក EU អាចឈានទៅរកការឯកភាពគ្នាកាលពីថ្ងៃពុធកន្លងទៅ ដើម្បីបន្តគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕




