អ៊ីរ៉ង់បង្អួតឥទ្ធិពលនៃការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស ក្រោយកិច្ចចរចាសន្តិភាពបរាជ័យ (Video inside)

23-04-2026 19:47

(អ៊ីស្លាម៉ាបាដ)៖ ប្រទេសអ៊ីរ៉ង់នាថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញពីការពង្រឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ខ្លួនលើច្រកសមុទ្រហ័រមូស តាមរយៈការបញ្ចេញវីដេអូកងកម្លាំងពិសេសឆ្មក់ឡើងលើនាវាដឹកទំនិញដ៏ធំមួយ បន្ទាប់ពីកិច្ចចរចាសន្តិភាពដែលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមទុក បានទទួលបរាជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចាក់ផ្សាយវីដេអូសកម្មភាពកងទ័ពពាក់ម៉ាស់ បើកនាវាល្បឿនលឿនចូលទៅក្បែរនាវា MSC Francesca រួចប្រើជណ្ដើរឡើងទៅកាន់នាវាដោយកាន់កាំភ្លើងក្នុងដៃយ៉ាងសាហាវ។ ក្រៅពីនាវាខាងលើ អ៊ីរ៉ង់ក៏បានអះអាងពីការចាប់ឃាត់នាវា Epaminondas មួយគ្រឿងទៀតផងដែរ កាលពីថ្ងៃពុធ ដោយចោទប្រកាន់ថាបានព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយគ្មានការអនុញ្ញាត។

ជាមួយគ្នានេះ អនុប្រធានសភាអ៊ីរ៉ង់ លោក ហាមីដរ៉េហ្សា ហាជីបាបៃ (Hamidreza Hajibabaei) បានបញ្ជាក់ថា ប្រាក់ចំណូលដំបូងដែលបានមកពីការប្រមូលថ្លៃឆ្លងកាត់ (Toll) ពីនាវាទាំងឡាយដែលប្រើប្រាស់ច្រកសមុទ្រនេះ ត្រូវបានបញ្ជូនទៅក្នុងគណនីធនាគារកណ្ដាលរបស់អ៊ីរ៉ង់រួចហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ជាក់លាក់ឡើយ។ យោងតាមមន្ត្រីជាន់ខ្ពស់នៃប្រព័ន្ធយុត្តិធម៌អ៊ីរ៉ង់ នាវាទាំងនោះត្រូវបានចាត់វិធានការតាមផ្លូវច្បាប់ ខណៈដែលនាវាល្បឿនលឿន និងដ្រូនសមុទ្ររបស់អ៊ីរ៉ង់ កំពុងយាមកាមយ៉ាងតឹងរ៉ឹងនៅតាមរូងភ្នំក្បែរច្រកសមុទ្រ ដើម្បីរារាំងមិនឱ្យកងទ័ពជើងទឹកអាមេរិកអាចចូលទៅជិតបានឡើយ៕