គុយបា ដោះស្រាយបញ្ហាថាមពលបានមួយរយៈពេលខ្លី បន្ទាប់ពីមានប្រេងរុស្ស៉ី (Video inside)
24-04-2026 11:49
(ឡាហាវ៉ាន)៖ ក្នុងសប្តាហ៍នេះ ប្រជាជនគុយបា ចាប់ផ្តើមទទួលបានប្រយោជន៍ពីប្រេងប្រមាណ ៧០០ ០០០បារ៉ែលរបស់រុស្ស៉ី ដែលអាចដោះស្រាយបានជាបណ្តោះអាសន្ន ចំពោះមុខបញ្ហាខ្វះខាតថាមពល ហើយវាគឺជាលំហូរប្រេងដំបូងទៅកាន់ប្រទេសនេះ ក្រោយការបិទខ្ទប់របស់សហរដ្ឋអាមេរិក កាលពីដើមឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦។
កប៉ាល់ដឹកប្រេង Anatoly Kolodkin ដោតទង់ជាតិរុស្ស៉ី បាននាំប្រេងឆៅប្រភេទ Ural របស់រុស្ស៉ី ចូលទៅគុយបា តាមឈូងសមុទ្រ Matanzas កាលពីចុងខែមីនា ហើយរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថាខ្លួនអនុញ្ញាតដល់កប៉ាល់នោះ ក្រោមហេតុផលមនុស្សធម៌។
តាមក្រុមមន្ត្រីគុយបា ប្រេងឆៅរុស្ស៉ីដែលចម្រាញ់ចេញជា សាំង ម៉ាស៊ូត និងប្រេងឥន្ធនៈ ត្រូវបានយកចេញពីរោងចក្រចម្រាញ់ប្រេង Cienfuegos របស់គុយបា នាថ្ងៃទី១៧ ខែមេសា។ ប្រជាជនគុយបាជាច្រើនបាននិយាយថា ពួកគេមានអារម្មណ៍ធូរស្រាល ខណៈដែលការដាច់ចរន្តអគ្គិសនី បានថយចុះខ្លះ នៅក្នុងតំបន់មួយចំនួន។
យ៉ាងនេះក្តី រដ្ឋមន្រ្តីថាមពលគុយបា លោក Vicente de la O Levy បានព្រមានថា វាគ្រាន់តែអាចដោះស្រាយបញ្ហាបានបណ្តោះអាសន្នប៉ុណ្ណោះ។ រុស្ស៉ីនិយាយថា ខ្លួនកំពុងរៀបចំការបញ្ជូនប្រេងឥន្ធនៈទៅគុយបាទៀត ប៉ុន្តែមិនទាន់បានដឹកជញ្ជូននៅឡើយ៕





