ព្រះមហាក្សត្រអង់គ្លេស ត្រៀមធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នាដើមសប្តាហ៍ក្រោយ ស្របពេលទំនាក់ទំនងជួបភាពរកាំរកូស អំឡុងអាណត្តិលោក ត្រាំ (Video inside)
24-04-2026 13:27
(ឡុងដ៍)៖ នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គ Charles III នឹងយាងចេញទៅបំពេញ ព្រះរាជទស្សនកិច្ចនៅឯសហរដ្ឋអាមេរិក ចំពេលដែលភាពរកាំរកូសបានកើតមានឡើង ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ អំឡុងអាណត្តិប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦។
ព្រះរាជវាំង Buckingham និងរដ្ឋាភិបាលអង់គ្លេស បាននិយាយថា ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ របស់ព្រះអង្គ Charles នឹងគោរពដល់ទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ស្របពេលដែលសហរដ្ឋអាមេរិក ប្រារព្ធខួប២៥០ឆ្នាំនៃការទទួលបានឯករាជ្យ។ វានឹងជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ព្រះអង្គ Charles ទៅកាន់សហរដ្ឋអាមេរិក ហើយធ្វើឡើង តបតាមសំណើរបស់រដ្ឋាភិបាលអង់គ្លេស និងលោក ត្រាំ។
យ៉ាងណាមិញ វាចំពេលដែលសង្រ្គាមរបស់លោកប្រធានាធិបតីអាមេរិកជាមួយអ៉ីរ៉ង់ បានបង្កឱ្យមានភាពរកាំរកូសរវាងទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៉ីនតោន។ លោក ត្រាំ បានរិះគន់ម្តងហើយម្តងទៀត ចំពោះនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ជុំវិញជំហរប្រឆាំងសង្រ្គាមរបស់លោក។ លោក ត្រាំ បាននិយាយថា លោក Starmer មិនដូចលោក Winston Churchill ដែលជានាយករដ្ឋមន្រ្តីអង់គ្លេស កាលពីសម័យសង្រ្គាមលោកលើកទី២នោះទេ ហើយទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ហាក់ពុំដូចមុនឡើយ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីអាមេរិក ក៏បាននិយាយឌឺដងចំពោះស្ថានភាពយោធាចក្រភពអង់គ្លេស ដែលមានព្រះមហាក្សត្រជាអគ្គមេបញ្ជាការកំពូល ថែមទៀតផង។
ការស្ទង់មតិកាលពីដើមខែមេសានេះ បានបង្ហាញថា ប្រជាជនអង់គ្លេសប្រមាណជា៤៨ភាគរយ គាំទ្រឱ្យលុបចោលព្រះរាជទស្សនកិច្ចខាងលើ ខណៈលោក Starmer ទោះបានបង្កើនការរិះគន់សង្រ្គាមរបស់លោក ត្រាំ ក៏ដោយ បាននិយាយការពារទស្សនកិច្ចផ្លូវរដ្ឋនោះ ដោយសង្កត់ធ្ងន់ពីសារសំខាន់នៃទំនាក់ទំនងអង់គ្លេស-អាមេរិក។ កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គ Charles ពិតជាអាចជួយជួសជុលទំនាក់ទំនងឡើងវិញ។
គួរបញ្ជាក់ថា ព្រះអង្គ Charles បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ដូណាល់ ត្រាំ មកកាន់ចក្រភពអង់គ្លេស កាលពីខែកញ្ញា ឆ្នាំ២០២៥៕







