រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី៖ ឥណ្ឌូណេស៉ី នឹងមិនកំណត់ឱ្យមានការយកពន្ធនៅច្រកសមុទ្រ Malacca ឡើយ (Video inside)
24-04-2026 14:00
(ហ្សាការតា)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌូណេស៉ី លោក Sugiono បានចេញមុខបញ្ជាក់ថា ឥណ្ឌូណេស៉ី នឹងមិនកំណត់ឱ្យមានការយកពន្ធពីកប៉ាល់ ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Malacca ឡើយ ដ្បិតការធ្វើបែបនោះ គឺមិនស្របជាមួយច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA។
អំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សាការតា លោក Sugiono បាននិយាយថា ឥណ្ឌូណេស៉ីគោរពច្បាប់អន្តរជាតិ រាប់បញ្ចូលទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS។ លោកបានបន្តដូច្នេះថា «ក្នុងនាមជាប្រទេសពាណិជ្ជកម្ម យើងគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍។ ខ្ញុំជឿជាក់ថា មានការប្តេជ្ញាពីប្រទេសជាច្រើន ដើម្បីបង្កើតច្រកផ្លូវដឹកជញ្ជូន ដែលសេរី អព្យាក្រឹត និងផ្តល់អត្ថប្រយោជន៍រួមទៅវិញទៅមក។ ដូច្នេះហើយ គឺអត់ទេ... ឥណ្ឌូណេស៉ីនឹងមិនកំណត់ឱ្យមានការបង់ថ្លៃសេវាទេ»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Sugiono គឺមួយថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌូណេស៉ី លោក Purbaya Yudhi Sadewa បានលើកឡើងពីលទ្ធភាពនៃការធ្វើបែបនោះ។ កាលពីថ្ងៃពុធ លោក Purbaya បាននិយាយថា គំនិតចង់កំណត់ឱ្យមានការយកពន្ធនៅច្រកសមុទ្រ Malacca គឺត្រូវបានជំរុញដោយផែនការរបស់អ៉ីរ៉ង់ ក្នុងការទាមទារថ្លៃសេវាពីកប៉ាល់នានាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ ការបិទច្រកសមុទ្រ Hormuz ចំពោះមុខជម្លោះនៅមជ្ឈិមបូព៌ា បាននិងកំពុងបង្កើនក្តីបារម្ភអំពីនិន្នាការប្រើប្រាស់ច្រកផ្លូវពាណិជ្ជកម្ម ធ្វើជាអាវុធ៕








