រដ្ឋអាជ្ញាកូរ៉េខាងត្បូង ស្វែងរកការផ្តន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំ សម្រាប់អតីតប្រធានាធិបតី Yoon ក្នុងសំណុំរឿងយន្តហោះដ្រូន

24-04-2026 14:28

(សេអ៊ូល)៖ នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រុមរដ្ឋអាជ្ញានៃប្រទេសកូរ៉េខាងត្បូង បានស្នើឱ្យផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣០ឆ្នាំ សម្រាប់អតីតប្រធានាធិបតី Yoon Suk Yeol ក្នុងសំណុំរឿងដែលចោទថា រូបលោកបានចេញបញ្ជាឱ្យមានប្រតិបត្តិការយន្តហោះដ្រូន នៅលើទីក្រុងព្យុងយ៉ាង ដើម្បីជួយបង្កើតលេស សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តុលាការទីក្រុងសេអ៊ូល ត្រូវបានរំពឹងថា នឹងប្រកាសសាលក្រមសំណុំរឿងនេះ នាពេលខាងមុខ។ វាស្ថិតក្នុងចំណោមសំណុំរឿងសរុប​ចំនួន៨ ដែលលោក Yoon កំពុងតែប្រឈមមុខ បន្ទាប់ពីលោកត្រូវបានទម្លាក់ពីអំណាច កាលពីឆ្នាំ២០២៥ ដោយសារការសម្រេចចិត្ត​ដ៏ចម្រូងចម្រាស ក្នុងការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។

ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ថា ប្រតិបត្តិការបញ្ជូនយន្តហោះដ្រូន ដែលទៅទម្លាក់ខិត្តប័ណ្ណឃោសនានៅលើទីក្រុងព្យុងយ៉ាង បានបង្កើនភាពតានតឹងជាមួយកូរ៉េខាងជើង ហើយបន្ទាប់ពីដ្រូន១គ្រឿងបានធ្លាក់ វាបង្កហានិភ័យបែកធ្លាយព័ត៌មានសម្ងាត់យោធា ពាក់ព័ន្ធជាមួយបេសកកម្មនោះផ្ទាល់ ព្រមទាំងសមត្ថភាពជារួមរបស់កូរ៉េខាងត្បូង។ លោក Yoon បានបដិសេធការចោទប្រកាន់ ដោយអះអាងថា រូបលោកមិនបានធ្វើសកម្មភាពណាមួយ ដែលអាចបង្កឱ្យផ្ទុះជម្លោះយោធាជាមួយកូរ៉េខាងជើងនោះទេ។

គួរបញ្ជាក់ថា អតីតមេដឹកនាំកូរ៉េខាងត្បូងរូបនេះ ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតរួចទៅហើយ កាលពីខែកុម្ភៈ ក្រោយរកឃើញថា លោកពិតជាមានទោស ពីបទបង្កការបះបោរពាក់ព័ន្ធការព្យាយាមដាក់ប្រទេស ក្រោមច្បាប់អាជ្ញាសឹក៕