ប្រធានអាស៊ាន ទទូចឱ្យមីយ៉ាន់ម៉ាដោះលែងអ្នកទោសបន្ថែមទៀត រួមទាំងលោកស្រី អោងសាន ស៊ូជី (Video inside)
24-04-2026 14:55
(ម៉ានីល)៖ នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ហ្វីលីពីន ដែលជាប្រធានប្តូរវេនរបស់អាស៊ាន បានលើកទឹកចិត្តឱ្យដោះលែងអ្នកទោសបន្ថែមទៀតនៅមីយ៉ាន់ម៉ា ក្នុងនោះរួមមានទាំងអតីតមេដឹកនាំ លោកស្រី អោងសាន ស៊ូជី ហើយបានលើកឡើងថា ការលើកលែងទោសកាលពីពេលថ្មីៗនេះ គឺជាការបោះជំហានវិជ្ជមានមួយ ឆ្ពោះទៅរកការបង្កើតកិច្ចសន្ទនាជាតិប្រកបដោយបរិយាបន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសេចក្តីថ្លែងការណ៍ ក្នុងនាមជាប្រធានអាស៊ាន ហ្វីលីពីនបាននិយាយយ៉ាងដូច្នេះថា «យើងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាជួយមីយ៉ាន់ម៉ា ដែលជាផ្នែកដ៏សំខាន់មួយរបស់អាស៊ាន ដើម្បីឆ្ពោះទៅសម្រេចឱ្យបានដំណោះស្រាយឋិតថេររឹងមាំ និងដោយសន្តិវិធី សម្រាប់វិបត្តិនយោបាយនៅក្នុងប្រទេសរបស់ខ្លួន»។
លោកស្រី អោងសាន ស៊ូជី បានជាប់ឃុំឃាំង ចាប់តាំងពីរដ្ឋាភិបាលស៉ីវិលជាប់ឆ្នោតដោយស្របច្បាប់របស់លោកស្រី ត្រូវបានផ្តួលរំលំក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ ហើយស្ថានភាពសុខុមាលភាពរបស់លោកស្រី ត្រូវបានលើកមកពិភាក្សាក្នុងសប្តាហ៍នេះ ដោយរដ្ឋមន្រ្តីការបរទេសថៃ លោក Sihasak Phuangketkeow នៅពេលដែលលោកបានជួបប្រធានាធិបតីមីយ៉ាន់ម៉ាថ្មី លោក Min Aung Hlaing។
លោក Sihasak បានអះអាងថា លោក Ming Aung Hlaing ជាអតីតប្រមុខយោធាដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ២០២១ បានប្រាប់លោកថា លោកស្រី ស៊ូជី ដែលមានវ័យ៨០ឆ្នាំ ទទួលបានការមើលថែទាំត្រឹមត្រូវ ហើយរឿងល្អសម្រាប់លោកស្រី កំពុងស្ថិតក្រោមការពិចារណា ប៉ុន្តែមិនបានរៀបរាប់លម្អិតជាងនេះទៀតទេ។
លោកស្រី ស៊ូជី កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលសរុប២៧ឆ្នាំ ក្រោមបទចោទប្រកាន់ជាច្រើន ដែលសម្ព័ន្ធមិត្តលោកស្រី មើលឃើញថា ធ្វើឡើងក្រោមហេតុផលនយោបាយ។ ទោសរបស់លោកស្រី ត្រូវបានបន្ធូរបន្ថយក្នុងកម្រិត១ភាគ៦ ក្រោមក្របខណ្ឌនៃការលើកលែងទោសទ្រង់ទ្រាយធំ កាលពីសប្តាហ៍មុន សម្រាប់អ្នកទោសរាប់ពាន់នាក់ ក្នុងនោះរួមមានទាំងការដោះលែងសម្ព័ន្ធមិត្តរបស់លោកស្រី គឺអតីតប្រធានាធិបតី លោក Win Myint។
គួរបញ្ជាក់ថា រដ្ឋប្រហាររបស់លោក Min Aung Hlaing បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ា ធ្លាក់ក្នុងសង្រ្គាមស៉ីវិលមកទល់បច្ចុប្បន្ន និងជំរុញនាំឱ្យមានអន្តរាគមន៍ពីអាស៊ាន ដែលបានហាមមិនឱ្យមេដឹកនាំយោធា ចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន ប៉ុន្មានឆ្នាំមកនេះ។ អំឡុងពេលស្បថចូលកាន់តំណែងជាប្រធានាធិបតី នាពេលថ្មីៗកន្លងទៅនេះ លោក Min Aung Hlaing បាននិយាយថា អាទិភាពរបស់លោក គឺស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា ហើយលោកនឹងព្យាយាមកសាងទំនាក់ទំនងជាមួយអាស៊ាន ឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ ដែលថៃបានសន្យាថា នឹងជួយគាំទ្រ៕








