អាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់១០លានដុល្លារ សម្រាប់ព័ត៌មានស្តីពីមេដឹកនាំក្រុមប្រដាប់អាវុធអ៉ីរ៉ាក់ ដែលគាំទ្រដោយអ៉ីរ៉ង់ (Video inside)
24-04-2026 15:30
(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់១០លានដុល្លារ សម្រាប់ព័ត៌មានស្តីពីមេដឹកនាំរបស់ក្រុមប្រដាប់អាវុធអ៉ីរ៉ាក់ Kataeb Sayyid al-Shuhada (KSS) ដែលគាំទ្រដោយអ៉ីរ៉ង់ និងដែលត្រូវបានចាត់ថ្នាក់ជាអង្គការភេរវករដោយទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦។
ក្រុមមន្រ្តីអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងស្វែងរកព័ត៌មានអំពីមេដឹកនាំក្រុម KSS ឈ្មោះ Hashim Finyan Rahim al-Saraji ឬហៅថា Abu Alaa al-Walai ហើយអ្នកដែលអាចផ្តល់ព័ត៌មានពីទីតាំងរបស់ al-Saraji អាចមានឱកាសផ្លាស់ប្តូរទីលំនៅ និងទទួលបានរង្វាន់ជាទឹកប្រាក់ដូចខាងលើ។
ទីក្រុងវ៉ាស៉ីនតោន បាននិយាយថា ក្រុម KSS បានសម្លាប់ជនស៉ីវិលអ៉ីរ៉ាក់ វាយប្រហារទីតាំងបេសកកម្មការទូតរបស់អាមេរិកនៅអ៉ីរ៉ាក់ ក៏ដូចជាវាយប្រហារលើមូលដ្ឋានយោធា និងកងទ័ពអាមេរិក ទាំងនៅក្នុងប្រទេសអ៉ីរ៉ាក់ និងនៅប្រទេសស៉ីរី។
គួរបញ្ជាក់ថា បណ្តាក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ បានកំណត់គោលដៅវាយប្រហារលើស្ថានទូតអាមេរិក នៅរដ្ឋធានីរបស់អ៉ីរ៉ាក់ ព្រមទាំងទីតាំងបេសកកម្មការទូត និងមូលដ្ឋានភស្តុភាររបស់អាមេរិក នៅអាកាសយានដ្ឋានទីក្រុងបាកដាដ រួមជាមួយអណ្តូងប្រេង ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនបរទេស។ អ៉ីរ៉ាក់ ដែលទើបតែទទួលបានស្ថិរភាពខ្លះៗឡើងវិញ ក្រោយជម្លោះរាប់ទសវត្សរ៍ ក៏ត្រូវបានអូសទាញឱ្យធ្លាក់ទៅក្នុងសង្រ្គាមមជ្ឈិមបូព៌ាភ្លាមៗ ដែលផ្ទុះឡើងនៅពេលសហរដ្ឋអាមេរិក និងអ៉ីស្រាអែល រួមគ្នាបើកការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕




