ភ្លើងឆេះព្រៃក្នុងប្រទេសជប៉ុន កាន់តែរាលដាលខ្លាំងនៅភាគខាងជើង (Video inside)
24-04-2026 16:05
(តូក្យូ)៖ អណ្តាតភ្លើងពីភ្លើងឆេះព្រៃដ៏ខ្លាំងក្លា នៅភាគខាងជើងប្រទេសជប៉ុន កំពុងរាលដាលទៅដល់កណ្តាលទីក្រុងមួយ នាថ្ងៃសុក្រ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦នេះ ដោយអាជ្ញាធរបានជំរុញឱ្យមនុស្សជាង ២ ៥០០នាក់ ជម្លៀសចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានប្រាប់អ្នកយកព័ត៌មានថា គិតត្រឹមព្រឹកថ្ងៃសុក្រ ភ្លើងឆេះព្រៃនៅតំបន់ភ្នំខេត្ត Iwate បានឆេះផ្ទៃដីជាង ៤០០ហិកតា ចាប់តាំងពីផ្ទុះឡើងកាលពី ២ថ្ងៃមុន។ អណ្តាតភ្លើង កំពុងគំរាមកំហែងដល់ផ្ទះសម្បែង ក្នុងទីក្រុង Otsuchi ខណៈដែលមានផ្សែងហុយចេញពីព្រៃក្បែរនោះ។
តាមលោក Kihara អាជ្ញាធរចេញសេចក្តីជូនដំណឹងឱ្យជម្លៀស ដល់មនុស្សជាង ២ ៥០០នាក់ ហើយកំពុងបង្កើនវិធានការដើម្បីពន្លត់ភ្លើង ដោយក្រុមអ្នកពន្លត់អគ្គីភ័យប្រហែល ៧០០នាក់ និងយន្តហោះចំនួន ១៣គ្រឿងត្រូវបានចល័ត។ គិតត្រឹមព្រឹកថ្ងៃដដែល អ្នកស្រុកចំនួន ៣២៩នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងជ្រកកោនបណ្តោះអាសន្ន។
គួរបញ្ជាក់ថា រដូវរងាហើយស្ងួតនៅជប៉ុន បានបង្កើនហានិភ័យនៃភ្លើងឆេះព្រៃ។ ភ្លើងឆេះព្រៃនៅទីក្រុង Ofunato ខេត្ត Iwate កាលពីដើមឆ្នាំមុន គឺជាករណីដ៏អាក្រក់បំផុតសម្រាប់ជប៉ុន ក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះ៕







