មន្រ្តីទូតរបស់រុស្ស៉ី ចេញរិះគន់កញ្ចប់ទណ្ឌកម្មទី ២០ របស់សហភាពអឺរ៉ុប (Video inside)
24-04-2026 16:30
(មូស្គូ)៖ ក្រុមអ្នកការទូតរុស្ស៉ី បានរិះគន់កញ្ចប់ទណ្ឌកម្មទី២០ ដែលសហភាពអឺរ៉ុប (EU) ទើបបានដាក់ចេញ ជុំវិញការឈ្លាពាននៅអ៊ុយក្រែន ដោយហៅវាថាជាវិធានការខ្វះភាពស្របច្បាប់របស់អង្គការសហប្រជាជាតិ (UN) និងរំលោភសិទ្ធិរបស់ប្រទេសទីបី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦។
សារព័ត៌មានរុស្ស៉ី បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកការទូត នៅបេសកកម្មរបស់រុស្ស៉ីប្រចាំ EU ដែលបាននិយាយថា វិធានការទាំងនេះគឺគ្មានន័យ បើគ្មានការសម្រេចចិត្តពីក្រុមប្រឹក្សាសន្តិសុខ។ សេចក្តីថ្លែងការណ៍នោះគូសបញ្ជាក់ថា «យើងចង់រំលឹកអ្នក ថាមានតែទណ្ឌកម្ម កើតចេញពីការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខប៉ុណ្ណោះ ដែលស្របច្បាប់។ ក្រៅពីនោះ វាគឺជាវិធានការបង្ខិតបង្ខំដោយឯកតោភាគី តាមតែអំពើចិត្ត ផ្ទុយពីច្បាប់អន្តរជាតិ និងធម្មនុញ្ញ UN»។
គួរបញ្ជាក់ថា កញ្ចប់ទណ្ឌកម្មទី ២០របស់ EU ប្រឆាំងនឹងរុស្ស៉ី ត្រូវបានដាក់ចេញ ក្រោយស្លូវ៉ាគី និងហុងគ្រី ដកការជំទាស់ បន្ទាប់ពីការបើកឱ្យមានលំហូរប្រេងតាមរយៈបំពង់បង្ហូរ Druzhba ឡើងវិញ៕





