ប្រធានាធិបតីហ្វីលីពីន លោក Marcos គ្រោងធ្វើទស្សនកិច្ចលើកដំបូងនៅជប៉ុន (Video inside)

24-04-2026 17:46

(ម៉ានីល)៖ លោក Ferdinand Marcos Jr នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅជប៉ុន ក្នុងខែឧសភាខាងមុខ ដែលលើកដំបូងដោយប្រធានាធិបតីហ្វីលីពីន ក្នុងរយៈពេលជាងមួយទសវត្សរ៍ ស្របពេលដែលកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរកាន់តែស៉ីជម្រៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦។

វិមានប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងថា ព្រះមហាក្សត្រជប៉ុន ព្រះចៅអធិរាជ ណារុហ៉ីតុ និងព្រះមហេសី ម៉ាសាកុ នឹងស្វាគមន៍លោក Marcos រួមជាមួយភរិយា លោកស្រី Louise អំឡុងទស្សនកិច្ចពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា។ លោក Marcos ក៏នឹងជួបលោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi ផងដែរ។ លោក Marcos និងលោកស្រី Takaichi ត្រូវបានគេរំពឹងថានឹងពិភាក្សា អំពីគន្លងអនាគតនៃភាពជាដៃគូយុទ្ធសាស្ត្រ ដែលបានពង្រឹងរវាងហ្វីលីពីន និងជប៉ុន ក៏ដូចជាការអភិវឌ្ឍអន្តរជាតិ ជាពិសេសទាក់ទងនឹងសន្តិសុខថាមពល និងស្បៀងអាហារ និងសន្តិសុខដែនសមុទ្រ។

គួរបញ្ជាក់ថា ហ្វីលីពីន និងជប៉ុន ដែលធ្លាប់ជាសត្រូវនឹងគ្នា​ក្នុង​សង្គ្រាមលោកលើកទី២ បាន​ពង្រឹង​ចំណង​យោធា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ទីក្រុង​តូក្យូបានផ្តល់ឱ្យហ្វីលីពីននូវ​នាវា​ឆ្មាំ​សមុទ្រ ​ប្រព័ន្ធ​រ៉ាដា ព្រមទាំង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ដើម្បីចូល​ប្រើប្រាស់​មូលដ្ឋានទ័ពទៅវិញទៅមក​ ដែល​អនុញ្ញាត​ឱ្យ​កងទ័ព​ជប៉ុន ​ចូលរួម​ជា​លើកដំបូង​ក្នុង​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ រវាង​សហរដ្ឋអាមេរិក និង​ហ្វីលីពីន៕