លោក ពូទីន អាចនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងម៉ៃអាមី តាមការអញ្ជើញរបស់លោក ត្រាំ (Video inside)
24-04-2026 21:57
(វ៉ាស៊ីនតោន)៖ វិមានក្រឹមឡាំង បានឱ្យដឹងនាថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងម៉ៃអាមី សហរដ្ឋអាមេរិក នាខែធ្នូខាងមុខនេះ បន្ទាប់ពីទទួលបានការអញ្ជើញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីអាមេរិកម្នាក់ដែលដឹងពីបញ្ហានេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកបា
នផ្ញើលិខិតអញ្ជើញរុស្ស៊ីឱ្យចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតទាំង ២០ ហើយខាងភាគីទីក្រុងមូស្គូ ក៏បានទទួលយកការអញ្ជើញនេះរួចរាល់ហើយដែរ។ លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា វត្តមានរបស់លោក ពូទីន នឹងមានសារៈសំខាន់ខ្លាំងណាស់ ហើយលោកក៏យល់ឃើញថា ការបណ្តេញរុស្ស៊ីចេញពីក្រុមប្រទេស G8 កាលពីពេលកន្លងទៅ គឺជាកំហុសឆ្គងមួយ។
គួរបញ្ជាក់ថា លោក វ្ល៉ាឌីមៀ ពូទីន មិនបានចូលរួមកិច្ចប្រជុំកំពូល G20 ដោយផ្ទាល់នោះឡើយ ចាប់តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ និងការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានបញ្ជាក់ថា លោក ពូទីន អាចនឹងអញ្ជើញទៅដោយផ្ទាល់ ឬអាចនឹងចាត់តាំងតំណាងណាម្នាក់ឱ្យទៅចូលរួមជំនួស ប៉ុន្តែការសម្រេចចិត្តចុងក្រោយនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕




