អាមេរិកពិចារណាដាក់ទណ្ឌកម្មសម្ព័ន្ធមិត្តណាតូ, ព្យួរសមាជិកភាពអេស្ប៉ាញ ជុំវិញការមិនគាំទ្រសង្គ្រាមនៅអ៊ីរ៉ង់ (Video inside)
24-04-2026 22:34
(វ៉ាស៊ីនតោន)៖ អ៊ីមែលផ្ទៃក្នុងមួយរបស់មន្ទីរបញ្ចកោណ បានបង្ហាញពីជម្រើសជាច្រើនសម្រាប់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មសម្ព័ន្ធមិត្តណាតូ (NATO) ដែលខ្លួនយល់ថាបានបរាជ័យក្នុងការគាំទ្រប្រតិបត្តិការយោធាក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ រួមមានទាំងការផ្អាកសមាជិកភាពរបស់ប្រទេសអេស្ប៉ាញផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមមន្ត្រីអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ជម្រើសគោលនយោបាយដែលរៀបចំដោយលោក អែលប៊្រីដ ខុលប៊ី (Elbridge Colby) ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ រួមមានការព្យួរប្រទេសអេស្ប៉ាញចេញពីសម្ព័ន្ធភាព និងការពិនិត្យឡើងវិញនូវជំហររបស់អាមេរិកចំពោះការទាមទាររបស់អង់គ្លេសលើកោះហ្វកឡែន។ លោក ខុលប៊ី បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តមួយចំនួន ដែលបដិសេធមិនផ្តល់សិទ្ធិឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព និងដែនអាកាសសម្រាប់សង្គ្រាមនៅអ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កន្លងមកបានរិះគន់សម្ព័ន្ធមិត្តណាតូយ៉ាងខ្លាំងក្លា ចំពោះការមិនព្រមបញ្ជូនកងទ័ពជើងទឹកទៅជួយបើកច្រកសមុទ្រហ័រមូសដែលត្រូវបានបិទតាំងពីចុងខែកុម្ភៈ។ លោក ត្រាំ ថែមទាំងបានបង្ហើបថា លោកកំពុងពិចារណាដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពនេះទៀតផង ដោយសារលោកយល់ថា សម្ព័ន្ធមិត្តមិនបានជួយអាមេរិកវិញឱ្យស័ក្តិសមនឹងអ្វីដែលអាមេរិកបានលះបង់ដើម្បីពួកគេឡើយ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ឃីងស្លី វីលសុន (Kingsley Wilson) បានបញ្ជាក់ថា មន្ទីរបញ្ចកោណនឹងធានាថាប្រធានាធិបតីមានជម្រើសដ៏សមស្រប ដើម្បីធានាថាសម្ព័ន្ធមិត្តលែងជា «ខ្លាក្រដាស» ហើយត្រូវតែបំពេញកាតព្វកិច្ចរបស់ពួកគេឱ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក្តី អ៊ីមែលផ្ទៃក្នុងនោះមិនបានបង្ហាញពីការស្នើឱ្យបិទមូលដ្ឋានទ័ពនៅអឺរ៉ុប ឬដកអាមេរិកចេញពីណាតូភ្លាមៗនោះឡើយ៕





