ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរហ្វីលីពីន ស្របពេលអាមេរិក និងហ្វីលីពីនកំពុងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ (Video inside)

25-04-2026 09:16

(ប៉េកាំង)៖ កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ចិនបានឱ្យដឹងថា ថ្មីៗនេះខ្លួនបានធ្វើសមយុទ្ធយោធា ក្នុងនោះរួមមានទាំងលំហាត់បាញ់គ្រាប់ពិត ក្នុងដែនទឹកនៅភាគខាងកើតកោះ Luzon របស់ប្រទេសហ្វីលីពីន ស្របពេលដែលទីក្រុងម៉ានីលនិងទីក្រុងវ៉ាស៉ីនតោន កំពុងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា ដែលត្រូវបានពង្រីកទៅរកតំបន់មានបញ្ហាវិវាទនៃសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោធាចិនមិនបានផ្តល់ព័ត៌មានលម្អិតថា តើសមយុទ្ធរបស់ខ្លួនត្រូវបានធ្វើឡើង កាលពីពេលណា ឬនៅចំណុចទីតាំងណាឱ្យប្រាកដឡើយ ប៉ុន្តែបាននិយាយថា វាគឺជាប្រតិបត្តិការចាំបាច់ ដើម្បីឆ្លើយតបចំពោះស្ថានការណ៍ក្នុងតំបន់នាពេលបច្ចុប្បន្ន ហើយស្របតាមច្បាប់និងរបៀបរបបអន្តរជាតិយ៉ាងពេញលេញ។ យោធាចិនបានបន្ថែមថា ខ្លួននឹងបន្តធ្វើប្រតិបត្តិការជាប្រចាំ ដោយផ្អែកលើតម្រូវការនៃស្ថានការណ៍សន្តិសុខ ដើម្បីរក្សាការពារអធិបតេយ្យនិងសន្តិសុខជាតិ ក៏ដូចជាសន្តិភាព​និងស្ថិរភាពនៅក្នុងតំបន់។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ កងទ័ពសរុបប្រហែងជាង១៧០០០នាក់ មកពីសហរដ្ឋអាមេរិក ហ្វីលីពីន និងសម្ព័ន្ធមិត្តដទៃទៀត បានចាប់ផ្តើមការធ្វើសមយុទ្ធប្រចាំឆ្នាំ ហៅថា Balikatan។ វាក៏ជាលើកដំបូងផងដែរ ដែលមានការចូលរួមពីសំណាក់កងកម្លាំងប្រយុទ្ធរបស់ជប៉ុន ចំពោះមុខការធ្លាក់ដុនដាបនៃទំនាក់ទំនងរវាងទីក្រុងតូក្យូនិងទីក្រុងប៉េកាំង។ ដោយឡែក ប៉ុន្មានឆ្នាំមកនេះ ហ្វីលីពីននិងចិន បានប្រឈមមុខដាក់គ្នាជាច្រើនលើក នៅសមុទ្រចិនខាងត្បូង។ សមយុទ្ធ Balikatan បានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមេសា ហើយនឹងប្រព្រឹត្តទៅដល់ថ្ងៃទី៨ ខែឧសភា៕