ក្រុមហេសបូឡា ថាបទឈប់បាញ់របស់អ៉ីស្រាអែលគឺគ្មានន័យ ដ្បិតការប្រយុទ្ធគ្នានៅតែបន្តនៅភាគខាងត្បូងលីបង់ (Video inside)

25-04-2026 11:55

(បេរូត)៖ កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រុមហេសបូឡា បាននិយាយថា បទឈប់បាញ់របស់អ៉ីស្រាអែលគឺគ្មានន័យ បន្ទាប់ពីវាទើបត្រូវបានពន្យារពេល​៣សប្តាហ៍ថែមទៀត ខណៈអាជ្ញាធរលីបង់ បានរាយការណ៍ថា មនុស្ស៦នាក់បានស្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ហើយហេសបូឡា បានបាញ់ទម្លាក់ដ្រូនអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា បទឈប់បាញ់នៅលីបង់ ត្រូវបានពន្យារពេល៣សប្តាហ៍ទៀត បន្ទាប់ពីឯកអគ្គរដ្ឋទូតអ៉ីស្រាអែលនិងលីបង់ បានជួបចរចាគ្នា។ បទឈប់បាញ់រវាងរដ្ឋាភិបាលអ៉ីស្រាអែលនិងលីបង់ ដំបូងឡើយត្រូវផុតសុពលភាព នៅថ្ងៃអាទិត្យសប្តាហ៍នេះ។

ស្របពេលបទឈប់បាញ់ខាងលើ បាននាំឱ្យមានការកាត់បន្ថយច្រើននៃអរិភាព អ៉ីស្រាអែលនិងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ ដែលមានមូលដ្ឋាននៅលីបង់ បានបន្តការវាយគ្នាទៅវិញទៅមក នៅភាគខាងត្បូងប្រទេសលីបង់ ជាទីដែលអ៉ីស្រាអែលបានរក្សាឈរជើងកងទ័ព នៅតំបន់ដែលខ្លួនប្រកាសថា ជាតំបន់ទ្រនាប់។

ឆ្លើយតបការពន្យារពេលបទឈប់បាញ់ សមាជិកសភារបស់ក្រុមហេសបូឡា លោក Ali Fayyad បាននិយាយថា បទឈប់បាញ់នេះ គឺគ្មានន័យនោះឡើយ ស្របពេលដែលអ៉ីស្រាអែលនៅតែបន្តទង្វើអរិភាពរបស់ខ្លួន រួមមានការធ្វើឃាត ការបាញ់ផ្លោង និងការផ្ទុះអាវុធ រួមជាមួយការវាយកម្ទេចភូមិឋាននិងក្រុង នៅភាគខាងត្បូងលីបង់។ លោក Fayyad បានបន្តថា រាល់ការវាយប្រហាររបស់អ៉ីស្រាអែល គឺផ្តល់ឱ្យចលនាតស៊ូរបស់ហេសបូឡា នូវសិទ្ធិដើម្បីឆ្លើយតបវិញ​ដោយសមស្រប។

ហេសបូឡាមិនមែនជាភាគី នៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៉ីស្រាអែលនិងលីបង់ទេ ហើយបានចេញមុខជំទាស់ជាខ្លាំង ចំពោះ​ការចរចាគ្នាផ្ទាល់របស់លីបង់ ជាមួយអ៉ីស្រាអែល។ កិច្ចព្រមព្រៀងថ្ងៃទី១៦ ខែមេសា មិនបានតម្រូវឱ្យអ៉ីស្រាអែលដកកងទ័ពចេញពីខ្សែបន្ទាត់ព្រំដែននៅភាគខាងត្បូងលីបង់ ដែលអ៉ីស្រាអែល​បានកាន់កាប់អំឡុងសង្រ្គាមឡើយ។ តំបន់នោះត្រូវបានពង្រីកចូលទឹកដីលីបង់ចន្លោះ៥ ទៅ១០គីឡូម៉ែត្រ។ អ៉ីស្រាអែលបានអះអាងថា តំបន់ទ្រនាប់នោះ គឺដើម្បីការពារតំបន់ភាគខាងជើងអ៉ីស្រាអែល ពីការវាយប្រហាររបស់ហេសបូឡា។

គួរបញ្ជាក់ថា សង្រ្គាមរវាងហេសបូឡានិងអ៉ីស្រាអែល បានផ្ទុះឡើងវិញកាលពីថ្ងៃទី២ ខែមីនា នៅពេលហេសបូឡា បាញ់រ៉ុក្កែតដាក់អ៉ីស្រាអែល ដើម្បីគាំទ្រអ៉ីរ៉ង់ ដែលបានរងការវាយប្រហារពីសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល។ បើតាមក្រសួងសុខាភិបាលលីបង់ គិតចាប់តាំងពីថ្ងៃទី២ ខែមីនា មនុស្សសរុបប្រហែលជិត ២៥០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមនៅលីបង់៕