កិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្រ្ត «២+២» រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិចិននិងកម្ពុជា ឈានដល់គំនិតឯកភាពរួមចំនួន ៦ចំណុច

25-04-2026 13:39

(ប៉េកាំង)៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានអំពីគំនិតឯកភាពរួមចំនួន៦ចំណុចក្នុងកិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្រ្ត «២+២»រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិចិននិងកម្ពុជាមានជាអាទិ៍៖

១៖ ភាគីទាំងពីរឯកភាពគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំ ដោយផ្តោតលើការគាំទ្រគ្នាទៅវិញទៅមកក្នុងការការពារផលប្រយោជន៍ស្នូលរបស់គូភាគី។ ប្រទេសចិនកោតសរសើរចំពោះប្រទេសកម្ពុជាដែលគូសបញ្ជាក់ជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនមួយ និងការគាំទ្រគំនិតផ្តួចផ្តើមសកលសំខាន់ៗ ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន។

២៖ ភាគីទាំងពីរឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ដោយផ្តោតលើការកសាង «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងត្រី និងស្រូវ» ព្រមទាំងជំរុញការសាងសង់គម្រោងយុទ្ធសាស្ត្រដូចជាព្រែកជីកហ្វូណនតេជោជាដើម។

៣៖ ភាគីទាំងពីរយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ធ្វើការជាមួយគ្នាដើម្បីឆ្លើយតបការជ្រៀតជ្រែកពីខាងក្រៅ និងទប់ស្កាត់ «បដិវត្តន៍ពណ៌»

៤៖ ភាគីទាំងពីរឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ ដោយផ្តោតលើការបង្ក្រាបយ៉ាងតឹងរ៉ឹងចំពោះលេងល្បែងស៊ីសងអនឡាញ និងបទឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។

៥៖ ភាគីទាំងពីរឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍រៀងៗខ្លួន។

៦៖ ភាគីទាំងពីរឯកភាពគ្នាពង្រឹងកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់៕

វិទ្យុមិត្តភាពកម្ពុជាចិន