យោធាអាមេរិក សម្លាប់មនុស្ស២នាក់ទៀត ក្នុងការវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន នាំឱ្យចំនួនមនុស្សដែលត្រូវបានសម្លាប់សរុប កើនលើស១៨០នាក់
25-04-2026 16:16
(វ៉ាស៉ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថា ខ្លួនបានសម្លាប់មនុស្ស២នាក់ ក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ដែលប្រការនេះនាំឱ្យចំនួនមនុស្សស្លាប់សរុប ក្នុងយុទ្ធនាការដែលទីក្រុងវ៉ាស៉ីនតោនអះអាងថាប្រឆាំង «ក្រុមភេរវករគ្រឿងញៀន» នៅតំបន់អាមេរិកឡាទីន បន្តកើនដល់យ៉ាងហោច១៨២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
យោធាអាមេរិក បាននិយាយថា យោងតាមព័ត៌មានចារកម្ម គឺទូកខាងលើបានធ្វើដំណើរតាមគន្លងផ្លូវ ដែលគេស្គាល់ថា ជាផ្លូវរត់ពន្ធគ្រឿងញៀននៅភាគខាងកើតប៉ាស៉ីហ្វិក ហើយធ្វើប្រតិបត្តិការរត់ពន្ធគ្រឿងញៀន។ ពោលភាសានេះ គឺជាភាសាដែលយោធាអាមេរិក តែងតែបានប្រើប្រាស់ ដើម្បីពិពណ៌នាប្រតិបត្តិការសម្លាប់មនុស្សស្រដៀងគ្នារាប់សិបលើកកន្លងមក គិតតាំងពីយុទ្ធនាការបានចាប់ផ្តើមដំបូង កាលពីខែកញ្ញា ឆ្នាំ២០២៥។
គិតតែក្នុងខែមេសានេះ យោធាអាមេរិក បានប្រកាសពីប្រតិបត្តិការវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន សរុបយ៉ាងហោច៧លើ់ក។ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ មិនបានផ្តល់ភស្តុតាងរឹងមាំជាក់លាក់ ដែលបង្ហាញថា ទូកនានាដែលខ្លួនបានកំណត់គោលដៅ ពិតជាមានជាប់ពាក់ព័ន្ធក្នុងអំពើជួញដូរគ្រឿងញៀនឡើយ ជាហេតុនាំឱ្យមានការជជែកដេញដោលអំពីភាពស្របច្បាប់ នៃប្រតិបត្តិការទាំងនេះ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញច្បាប់អន្តរជាតិ និងក្រុមសិទ្ធិមនុស្ស ការវាយប្រហារដូចខាងលើរបស់យោធាអាមេរិក អាចស្មើនឹងទៅការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌ ដោយសារតែពួកវាហាក់ជា ការកំណត់គោលដៅលើជនស៉ីវិល ដែលមិនបង្កគំរាមកំហែងជាបន្ទាន់ណាមួយ ចំពោះសហរដ្ឋអាមេរិក នោះទេ៕






