បំណែកដ្រូនពីការវាយប្រហាររបស់រុស្ស៉ីលេីអ៊ុយក្រែន បង្កការខូចខាតដល់ទ្រព្យសម្បតិ្តសាធារណៈក្នុងប្រទេសរ៉ូម៉ានី

25-04-2026 18:28

(ប៊ុយការ៉េស)៖ ក្រសួងការពារជាតិរ៉ូម៉ានី បានឱ្យដឹងថា បំណែកយន្តហោះដ្រូនត្រូវបានរកឃេីញក្នុងទីក្រុង Galati ភាគអាគ្នេយ៍នៃប្រទេស បន្ទាប់ពីការវាយប្រហារមួយយប់របស់រុស្ស៉ីទៅលើអ៊ុយក្រែន ដោយបង្គោលភ្លេីង និងផ្ទះមួយខ្នងការខូចខាត ប៉ុន្តែគ្មានអ្នករបួសទេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។

ភ្នាក់ងារឆ្លើយតបគ្រាអាសន្នរបស់ប្រទេសរូម៉ានី បាននិយាយថា ខ្លួនកំពុងជម្លៀសអ្នករស់នៅតំបន់ដែលរកឃើញបំណែកដ្រូន ដោយសារបំណែកអាចផ្ទុកសារធាតុផ្ទុះ។ បំណែកដ្រូននឹងត្រូវយកបោះចោលក្នុងទីតាំងដែលមានសុវត្ថិភាព។

រ៉ូម៉ានី​ ដែលជាសមាជិកអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) មានព្រំដែនគោកប្រវែង ៦៥០គីឡូម៉ែត្រជាមួយអ៊ុយក្រែន ហេីយធ្លាប់ឃេីញមានការបំពានដែនអាកាសរបស់ខ្លួនម្តងហើយម្តងទៀត អំឡុងពេលរុស្ស៉ីវាយប្រហារកំពង់ផែអ៊ុយក្រែន នៅផ្នែកម្ខាងនៃទន្លេ Danube ។

បំណែកដ្រូនតែងធ្លាក់ជាប្រចាំនៅលើប្រទេសរូម៉ានី ប៉ុន្តែករណីនៅថ្ងៃសៅរ៍នេះ គឺជាលើកទីមួយហើយដែលបង្កការខូចខាតដល់ទ្រព្យសម្បត្តិ។ ក្រសួងការពារជាតិ បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពរបស់រុស្ស៉ី ហើយសង្កត់ធ្ងន់ថានេះតំណាងឱ្យការប្រឈមថ្មីចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់ នៅក្នុងតំបន់សមុទ្រខ្មៅ៕