អាល្លឺម៉ង់ ថានឹងផ្តល់នាវាដោះមីន សម្រាប់លទ្ធភាពចូលរួមបេសកកម្មនៅច្រកសមុទ្រ Hormuz (Video inside)

25-04-2026 22:55

(បែរឡាំង)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ AFP នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ថាអាល្លឺម៉ង់នឹងបញ្ជូននាវាដោះមីនមួយគ្រឿង ទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណេ សម្រាប់លទ្ធភាពចូលរួមបេសកកម្មនៅច្រកសមុទ្រ Hormuz ក្រោយការបញ្ចប់សង្គ្រាមអាមេរិក-អ៉ីរ៉ង់។

ប្រទេសជាច្រើន អះអាងថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមបេសកកម្មអព្យាក្រឹត ដើម្បីសង្រ្គោះច្រកសមុទ្រ Hormuz ដែលសហរដ្ឋអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងស្ថិតក្នុងដំណើរការដោះមីនរួមគ្នាជាមួយទីក្រុងតេហេរ៉ង់ ទោះបីជាគ្មានការបញ្ជាក់ពីអ៉ីរ៉ង់។

អ្នកនាំពាក្យរូបនេះបាននិយាយថា នាវា Fulda របស់កងទ័ពជើងទឹកអាល្លឺម៉ង់ នឹងត្រូវបានដាក់ពង្រាយនៅប៉ុន្មានថ្ងៃខាងមុខ ក្នុងគោលបំណងគោលបំណងរួមចំណែកយ៉ាងសំខាន់ជាមួយសម្ព័ន្ធមិត្តអន្តរជាតិ ដែលស្វែងរកការការពារសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz។

នាវានេះនឹងឈរជើងជាមួយនាវិកប្រហែល ៤៥នាក់ ប៉ុន្តែការដាក់ពង្រាយណាមួយនៅក្នុងច្រកសមុទ្រ នឹងកើតឡើងលុះត្រាតែបន្ទាប់ពីមានការបញ្ចប់អរិភាពរវាងអាមេរិក និងអ៉ីរ៉ង់ និងការយល់ព្រមពីសភាជាន់ទាបរបស់អាល្លឺម៉ង់៕