BREAKING: លោក ដូណាល់ ត្រាំ ត្រូវបានជម្លៀសចេញពីពិធីជប់លៀងជាមួយអ្នកកាសែត ក្រោយផ្ទុះស្នូរគ្រាប់កាំភ្លើង (Video inside)

26-04-2026 08:31

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងជំទាវទី១ លោកស្រី Melania Trump រួមទាំងមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកត្រូវបានកងអង្គរក្សសម្ងាត់ជម្លៀសចេញពី ពិធីទទួលទានអាហារពេលល្ងាចជាមួយក្រុមអ្នកសារព័ត៌មាននៅឯសណ្ឋាគារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការជម្លៀសខាងលើបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បន្ទាប់ពីផ្ទុះសំឡេងដ៏ខ្លាំងមួយដែលសេចក្ដីរាយការណ៍បឋមឱ្យដឹងថា ជាស្នូរគ្រាប់កាំភ្លើងដែលបានផ្ទុះឡើងអំឡុងពិធីជប់លៀងជាមួយក្រុមអ្នកសារព័ត៌មាននៅឯសណ្ឋាគារ Washington Hilton។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញថាលោក ត្រាំ និងអ្នកចូលរួមផ្សេងទៀតបានឱនចុះនៅក្រោមតុ ក្រោយផ្ទុះលាន់ឮសំឡេងដ៏ខ្លាំងមួយ។

លោក ត្រាំ និងភរិយា រួមទាំងមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកដទៃទៀតត្រូវបានរាយការណ៍ថាមិនបានរងរបួសអ្វីទេ ហើយភ្លាមៗក៏មិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួស ណាម្នាក់នោះដែរ។ កងអង្គរក្សសម្ងាត់ Secret Service និងអាជ្ញាធរមានសមត្ថកិច្ចបានឡោមព័ទ្ធសាលរៀបចំពិធីជប់លៀង ខណៈមានសេចក្ដីរាយការណ៍ថាជនសង្ស័យម្នាក់ ដែលត្រូវបានចាប់ខ្លួន៕