ប្រមុខការទូតចិនប្រាប់មេដឹកនាំមីយ៉ាន់ម៉ាថា ប៉េកាំងនឹងគាំទ្រដល់សន្តិសុខ និងអធិបតេយ្យរបស់មីយ៉ាន់ម៉ា

26-04-2026 11:53

(ប៉េកាំង)៖ ប្រមុខការទូតចិន លោក Wang Yi បាននិយាយថាទីក្រុងប៉េកាំងនឹងគាំទ្រមីយ៉ាន់ម៉ាយ៉ាងរឹងមាំ នៅក្នុងកិច្ចការការពារអធិបតេយ្យជាតិ និងសន្តិសុខរបស់ខ្លួន ក្នុងជំនួបជាមួយ ប្រមុខរបបសឹកដែលទើបតែបានក្លាយជាប្រធានាធិបតី គឺលោក Min Aung Hlaing។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិនចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ លោក Wang Yi បានកត់សម្គាល់ក្នុងជំនួបជាមួយលោក Min Aung Hlaing នាឱកាសបំពេញទស្សនកិច្ចទៅកាន់ទីក្រុងណៃពិដោរថាទីក្រុងប៉េកាំងគាំទ្រមីយ៉ាន់ម៉ា ដើម្បីពង្រឹងការបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយភាពជោគជ័យ ស្របទៅតាម លក្ខខណ្ឌជាតិ និងទទួលបានការគាំទ្រពីប្រជាជនរបស់ខ្លួន។ លោកប្រមុខការទូតចិន ក៏បានបន្ថែមដែរថាខណៈឆ្នាំនេះជាឆ្នាំដំបូងនៃអាណត្តិរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា ភាគគីទាំងសងខាងគួរតែចាប់យកឱកាសដើម្បីឆ្ពោះទៅមុខ និងលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំង២ ព្រមទាំងបើកចំហក្ដីសង្ឃឹមថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី។

គួរបញ្ជាក់ថា មុននឹងបំពេញទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា លោក Wang Yi ក៏បានបំពេញទស្សនកិច្ចនៅកម្ពុជា និងថៃផងដែរ ក្នុងបរិបទដែលចិនកំពុងពង្រឹងទំនាក់ទំនងជាមួយ បណ្ដាប្រទេសដទៃ នៅចំពោះមុខហានិភ័័យនានា និងមានបំណងបង្ហាញថាចិនជាដៃគូគួរឱ្យទុកចិត្តបានជាងសហរដ្ឋអាមេរិក។ លោក Min Aung Hlaing បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីរបស់មីយ៉ាន់ម៉ាក្នុងខែមេសា បន្ទាប់ពីការបោះឆ្នោតសកល៕