ជប៉ុន ពង្រាយអ្នកពន្លត់អគ្គិភ័យ ១៤០០នាក់ ដើម្បីពន្លត់ភ្លើងឆេះព្រៃ

26-04-2026 16:08

(OTSUCHI, ជប៉ុន)៖ ជប៉ុនបានដាក់ពង្រាយអ្នកពន្លត់អគ្គិភ័យ ១៤០០នាក់ និងកងកម្លាំងស្វ័យការពារ ១០០នាក់ ដើម្បីពន្លត់ភ្លើងឆេះព្រៃនៅផ្នែកខាងជើងនៃប្រទេស ខណៈភ្លើងឆេះព្រៃបាន បន្តឆាបឆេះចូលដល់ថ្ងៃទី៥ នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គិតត្រឹមព្រឹកថ្ងៃអាទិត្យ ភ្លើងឆេះព្រៃបានឆាបឆេះលើផ្ទៃដី ១៣៧៣ហិកតា និងកំពុងគំរាមកំហែងដល់បណ្ដាស្រុកជាច្រើននៃទីក្រុង Otsuchi​ ស្ថិតនៅតាមបណ្ដោយឆ្នេរប៉ាស៊ីហ្វិក។ អាជ្ញាធរ បានចេញបញ្ជាជម្លៀសប្រជាជន ១៥៤១គ្រួសារ ឬស្មើនឹង ៣២៣៣នាក់ ទៅកាន់កន្លែងមានសុវត្ថិភាព។ «បើទោះជាកងកម្លាំងស្វ័យការពារកំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើងពីលើមេឃក៏ដោយ ក៏កត្តាអាកាសធាតុស្ងួត និងខ្យល់កំពុងជំរុញឱ្យភ្លើងឆេះកាន់តែខ្លាំង»។ នេះជាបញ្ជាក់របស់ចៅហ្វាយក្រុង Otsuchi លោក Kozo Hirano នៅសន្និសីទសារព័ត៌មានមួយ។

មកទល់នឹងពេលនេះ មានមនុស្សម្នាក់រងរបួសស្រាលដោយសារដួលនៅឯជំរំស្នាក់នៅបណ្ដោះអាសន្ន។ បើតាមអាជ្ញាធរឧតុនិយមជប៉ុន ប្រហែលជានឹងមិនមានភ្លៀងធ្លាក់ទេនៅក្នុងតំបន់មាន ភ្លើងឆេះព្រៃ នៅថ្ងៃអាទិត្យ ឬថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ។ ប៉ុន្តែមានការព្យាករថាអាចនឹងមានភ្លៀងធ្លាក់រយៈពេលខ្លីនៅថ្ងៃអង្គារ។ អាជ្ញាធរជប៉ុនមិនទាន់អាចកំណត់ពីមូលហេតុបណ្ដាលឱ្យ មានភ្លើងឆេះព្រៃកើតឡើងនៅឡើយទេ៕