ហ្វីលីពីនបញ្ជាក់ថា ពលរដ្ឋអាមេរិក ២នាក់ ស្ថិតក្នុងចំណោមមនុស្ស ១៩នាក់ដែលស្លាប់ក្នុងប្រតិបត្តិការបង្ក្រាបក្រុមឧទ្ទាមកុម្មុយនីស្ត

26-04-2026 20:01

(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ពលរដ្ឋអាមេរិកចំនួន ២នាក់ ស្ថិតក្នុងចំណោមមនុស្ស ១៩នាក់ដែលបានបាត់បង់ជីវិត ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងរឹងមាំរបស់ក្រុមឧទ្ទាមកុម្មុយនីស្តនៅលើកោះណេហ្គ្រោស (Negros) កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមការងារជាតិដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធកុម្មុយនីស្តក្នុងស្រុក (NTF-ELCAC) បានកំណត់អត្តសញ្ញាណជនជាតិអាមេរិកទាំងពីររូបនោះ រួមមានលោក ឡៃ ព្រីជូលេស (Lyle Prijoles) និងលោក កៃ ដាណា-រ៉េន សូរ៉ែម (Kai Dana-Rene Sorem)។ ជនជាតិអាមេរិកទាំងពីរនាក់នេះ បានធ្វើដំណើរមកដល់ខេត្តណេហ្គ្រោស ប្រហែលមួយខែមុនពេលពួកគេត្រូវបានសម្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារកាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅ។

អាជ្ញាធរបញ្ជាក់ថា មនុស្សទាំង ១៩នាក់ដែលបាត់បង់ជីវិត សុទ្ធសឹងតែជាសមាជិកប្រយុទ្ធនៃកងទ័ពប្រជាជនថ្មី (NPA) ដែលជាក្រុមឧទ្ទាមបានធ្វើសកម្មភាពបះបោរប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជិត ៦០ឆ្នាំមកហើយ។ ប្រតិបត្តិការនេះបានបង្ខំឱ្យប្រជាពលរដ្ឋក្នុងតំបន់ជាង ៣០០នាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងដើម្បីសុវត្ថិភាព ខណៈខាងភាគីយោធាហ្វីលីពីនមានទាហានតែម្នាក់ប៉ុណ្ណោះដែលបានរងរបួស។

គួរបញ្ជាក់ថា ដោយសារចំនួនអ្នកស្លាប់មានកម្រិតខ្ពស់ ខណៈខាងយោធារងរបួសតិចតួច គណៈកម្មការសិទ្ធិមនុស្សរបស់ហ្វីលីពីនបានសម្រេចបើកការស៊ើបអង្កេតលើករណីនេះ ដើម្បីស្វែងរកភាពមិនប្រក្រតី។ ដោយឡែក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងម៉ានីល នៅមិនទាន់មានការឆ្លើយតប ឬអត្ថាធិប្បាយណាមួយជុំវិញការបាត់បង់ជីវិតពលរដ្ឋរបស់ខ្លួននៅក្នុងហេតុការណ៍នេះនៅឡើយទេ៕