មេដឹកនាំអង់គ្លេស និងអាមេរិក ពិភាក្សាពី «ភាពចាំបាច់បន្ទាន់» ក្នុងការបើកនាវាចរណ៍នៅច្រកសមុទ្រហ័រមូសឡើងវិញ
26-04-2026 21:27
(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក កៀរ ស្តាមឺរ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃអាទិត្យនេះ បានពិភាក្សាគ្នាអំពីភាពចាំបាច់ជាបន្ទាន់ ក្នុងការបើកដំណើរការនាវាចរណ៍នៅច្រកសមុទ្រហ័រមូសឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា មេដឹកនាំទាំងពីរបានយល់ឃើញថា ការស្ដារឡើងវិញនូវការធ្វើនាវាចរណ៍នៅច្រកសមុទ្រដ៏សំខាន់នេះ គឺជាបញ្ហាបន្ទាន់បំផុត ដោយសារតែការរាំងខ្ទប់កន្លងមកបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល និងការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់សម្រាប់ប្រជាជននៅអង់គ្លេស ក៏ដូចជាពិភពលោកទាំងមូល។
នៅក្នុងជំនួបតាមទូរស័ព្ទនោះ លោក ស្តាមឺរ ក៏បានចែករំលែកទៅកាន់លោក ត្រាំ នូវវឌ្ឍនភាពចុងក្រោយនៃគំនិតផ្ដួចផ្ដើមរួមគ្នារបស់លោក ជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក្នុងគោលបំណងស្ដារសេរីភាពនាវាចរណ៍នៅតំបន់នោះឱ្យមានភាពប្រសើរឡើងវិញផងដែរ៕




