អ៉ីរ៉ង់ ផ្ដល់សំណើថ្មីឱ្យសហរដ្ឋអាមេរិកដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ តែចាំចរចានុយក្លេអ៊ែរតាមក្រោយ (Video inside)
27-04-2026 09:09
(វ៉ាស៊ីនតោន)៖ អ៉ីរ៉ង់បានផ្ដល់សំណើថ្មីមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបិទបញ្ចប់សង្រ្គាម ជាមួយការបើកកិច្ចចរចានុយក្លេអ៊ែរនៅពេលក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក Axios កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។
Axios ដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះចំនួន២ ដែលបានដឹងពីសំណើថ្មីខាងលើរបស់អ៉ីរ៉ង់ បានឱ្យដឹងទៀតថានៅក្រោមសំណើថ្មីដែលត្រូវបានបញ្ជូនទៅឱ្យសហរដ្ឋអាមេរិកតាមរយៈប៉ាគីស្ថាន គឺផ្តោតជាសំខាន់ទៅលើការដោះស្រាយវិបត្តិច្រកសមុទ្រ Hormuz និងការបិទខ្ទប់របស់សហរដ្ឋអាមេរិកជាមុនសិន។ ជាផ្នែកនៃសំណើថ្មីនេះដែរ បទឈប់បាញ់នឹងត្រូវពន្យារបន្ថែមរយៈពេលវែង ឬក៏ ភាគីទាំងសងខាងនឹងយល់ព្រមលើការបិទបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍។ និយាយជារួម កិច្ចចរចានុយក្លេអ៊ែរអាចធ្វើទៅកើតនៅពេលក្រោយ បន្ទាប់ពីច្រកសមុទ្រ Hormuz ត្រូវបានបើកឡើងវិញ ហើយការបិទខ្ទប់ត្រូវបានដកចេញ។
តាម Axios សេតវិមានបានទទួលសំណើថ្មីរបស់អ៉ីរ៉ង់ហើយ តែមិនច្បាស់ថាតើសហរដ្ឋអាមេរិកចាប់អារម្មណ៍នឹងពិចារណាលើសំណើនេះឬក៏យ៉ាងណានោះទេ? កិច្ចចរចាស្វែងរកសនិ្តភាពកំពុងជាប់គាំង ដោយសារតែការបិទខ្ទប់ច្រកសមុទ្រ Hormuz និងសំណុំរឿងនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ ប៉ុន្តែការលុបបចោលការបិទខ្ទប់ និងបញ្ចប់សង្រ្គាមក្នុងដំណាក់កាលសព្វថ្ងៃត្រូវបានគេមើលឃើញថាអាចនឹងធ្វើឱ្យ សហរដ្ឋអាមេរិកបាត់បង់ឥទ្ធិពលនៅឯតុចរចានៅពេលអនាគត ពាក់ព័ន្ធនឹងស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៉ីរ៉ង់ និងការបញ្ចុះបញ្ចូលឱ្យអ៉ីរ៉ង់ឱ្យបញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមដែលទាំងនេះជាកម្មវត្ថុចម្បង ចំនួន២ របស់លោក ត្រាំ។
មន្ត្រីអាមេរិក ៣នាក់បានប្រាប់ Axios ថាលោក ត្រាំ ត្រូវបានរំពឹងថានឹងបើកកិច្ចប្រជុំមួយស្ដីពីអ៉ីរ៉ង់នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ជាមួយក្រុមមន្ត្រីសន្តិសុខជាតិកំពូលៗ និងគោលនយោបាយការបរទេសរបស់លោក៕




