អ៉ីស្រាអែល និងក្រុមហេសបូឡាលីបង់ បន្តប្រយុទ្ធគ្នា ទោះជាមានបទឈប់បាញ់ (Video inside)

27-04-2026 11:49

(បេរូត)៖ ការវាយប្រហាររបស់អ៉ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា បានផ្តាច់ជីវិតមនុស្ស ១៤នាក់ និងរបួស ៣៧នាក់នៅភាគខាងត្បូងលីបង់ ខណៈដែលក្រុមហេសបូឡា ក៏បានវាយប្រហារកងទ័ពអ៉ីស្រាអែល នៅក្នុងប្រទេសលីបង់ផងដែរ បណ្តាលឱ្យទាហានម្នាក់ស្លាប់ និងរបួស ៦នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គម X អ្នកនាំពាក្យយោធាអ៉ីស្រាអែល ចោទប្រកាន់ថាហេសបូឡាកំពុងបំពានបទឈប់បាញ់ ហើយអ៉ីស្រាអែលនឹងធ្វើសកម្មភាពប្រឆាំងតបវិញ ដោយប្រាប់ប្រជាជនឱ្យចាកចេញទៅទិសខាងជើង និងខាងលិច ឆ្ងាយពីទីក្រុងនានា។ យោធាអ៉ីស្រាអែលនិយាយថានឹងកំណត់គោលដៅលើប្រព័ន្ធអាវុធរបស់ហេសបូឡា។

ក្រុមហេសបូឡានិយាយថា ខ្លួននឹងមិនបញ្ឈប់ការវាយប្រហារលើកងទ័ពអ៉ីស្រាអែល នៅក្នុងប្រទេសលីបង់ និងលើទីប្រជុំជននានានៅភាគខាងជើងអ៉ីស្រាអែលទេ ដរាបណាអ៉ីស្រាអែលនៅតែបន្តបំពានបទឈប់បាញ់ ហើយក៏នឹង​មិន​រង់ចាំ​មធ្យោបាយការទូត​ដែល​គ្មាន​ប្រសិទ្ធភាព ឬ​ពឹងផ្អែក​លើ​អាជ្ញាធរ​លីបង់​ដែលបរាជ័យ​ក្នុង​ការ​ការពារ​ប្រទេសនោះដែរ។

បទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលចាប់ផ្តើមពីថ្ងៃទី១៦ ខែមេសា ដែលពន្យារពេលដល់ពាក់កណ្តាលខែឧសភា បានជួយឱ្យអរិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ថយចុះគួរឱ្យកត់សម្គាល់ ទោះជាភាគីទាំងពីរនៅតែបន្តការបាញ់ផ្លោង ដោយចោទប្រកាន់គ្នាទៅវិញទៅមក ថាបំពានបទឈប់បាញ់ក៏ដោយ៕