រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ ទៅដល់រុស្ស៉ីដើម្បីជួបលោក ពូទីន ស្របពេលកិច្ចចរចាសន្តិភាពជាមួយអាមេរិកជាប់គាំង (Video inside)

27-04-2026 13:13

(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានធ្វើដំណើរមកដល់ប្រទេសរុស្ស៉ី ជាទីដែលរូបលោកនឹងជួបពិភាក្សា​ជាមួយ ប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន ចំពោះមុខសង្រ្គាមជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦។

លោក Araghchi បានធ្វើដំណើរមកដល់ទីក្រុង St Petersburg នាថ្ងៃចន្ទនេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចកាលពីចុងសប្តាហ៍ នៅឯប្រទេសប៉ាគីស្ថាន និង​អូម៉ង់ ដែលជាអ្នកជួយសម្រុះសម្រួលជម្លោះ។ ភ្លាមៗពេលមកដល់រុស្ស៉ី លោកប្រមុខការទូតអ៉ីរ៉ង់ បាននិយាយថា លោកធ្វើដំណើរមករុស្ស៉ីនាពេលនេះ គឺក្រោមគោលបំណងបន្ត កិច្ចពិគ្រោះយោបល់រវាងទីក្រុងតេហេរ៉ង់និងទីក្រុងមូស្គូ ស្តីពីបញ្ហាក្នុងតំបន់និងអន្តរជាតិ។ លោកបានបន្ថែមថា ជំនួបរបស់លោកជាមួយលោកប្រធានាធិបតីរុស្ស៉ី នាថ្ងៃចន្ទនេះ នឹងបម្រើជាឱកាសល្អមួយ ដើម្បីជជែកអំពីស្ថានការណ៍វិវត្តន៍នៃសង្រ្គាម និងពិនិត្យឡើងវិញលើស្ថានភាពចុងក្រោយបង្អស់។

ក្តីសង្ឃឹមនៃកិច្ចប្រឹងប្រែងស្វែងរកសន្តិភាព បានថយចុះទៅវិញកាលពីថ្ងៃសៅរ៍ នៅពេលដែល​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចលុបចោល គម្រោងទស្សនកិច្ចទៅកាន់ទីក្រុងអ៉ីស្លាម៉ាបាដ ដោយក្រុមបេសកជនរបស់លោក ខណៈភាគីទាំងពីរ ហាក់នៅខ្វែងគំនិតគ្នាខ្លាំងនៅឡើយ ជុំវិញបញ្ហាចម្បងៗ រួមមានមហិច្ឆតានុយក្លេអ៊ែររបស់អ៉ីរ៉ង់ ក៏ដូចជាការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងនិងឧស្ម័នរបស់ពិភពលោក។

គួរបញ្ជាក់ថា តាមការចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយសារព័ត៌មានអាមេរិក Axios អ៉ីរ៉ង់បានផ្តល់សំណើថ្មីមួយ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបិទបញ្ចប់សង្រ្គាមជាមួយ ការបើកកិច្ចចរចានុយក្លេអ៊ែរ នៅពេលក្រោយ៕